យុវនារី-កុមារី​ និងបុគ្គលិក​ នៃអង្គការអាហ្វេស៊ីបកម្ពុជា​ សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែគិតគូរ​ និងលេីកទឹកចិត្តជាបន្តបន្ទាប់​

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសុក្រ​ ទី ៥​ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទ​ចុះសំណេះសំណាល សួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ និងរៀបចំអាហារមួយពេលជាលេីកទី៣​ ដល់កុមារី-យុវនារីចំនួន ១២៨នាក់​ និងបុគ្គលិកចំនួន ៣១នាក់ នៅមណ្ឌលស្តារនីតិសម្បទាអាហ្វេស៊ីបទុំឌី​ នៃអង្គការអាហ្វេស៊ីបកម្ពុជា ដែលស្ថិតនៅផ្លូវបេតុងព្រៃស​ សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។​ ក្នុងឱកាសនោះ​ កាកបាទក្រហមកម្ពុជា​ ក៏បានប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២១ សម្រាប់ឆមាសទី១​ ជាមូលប្បទានបត្រចំនួន ១៥លានរៀល ដល់អង្គការអាហ្វេស៊ីបកម្ពុជា​ ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលនោះ​ លោកស្រីម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់​​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ក្តីនឹករលឹក​ អាណិត​ ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្មួយៗចៅៗ​ទាំងអស់​ និងសូមផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌​ និងគុណធម៌​ក្នុងការរស់នៅ​ ចេះជួយគ្នា អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក​ ជាពិសេសត្រូវខិតខំរៀនសូត្រឱ្យបានពូកែ​ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ដេីម្បីអនាគតភ្លឺស្វាង។ ទន្ទឹមនឹងនេះ​ សូមក្មួយៗចៅៗទាំងអស់​ យកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់​ សម្តេចតេជោនាយករដ្ឋមន្ត្រី​ និងវិធានការនានារបស់ក្រសួងសុខាភិបាល​ វិធា​នការ៣កុំ​-៣ការពារ​ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

យុវនារី-កុមារី​ និងបុគ្គលិកទាំងអស់នៃអង្គការអាហ្វេស៊ីប​កម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ក្នុងសង្គមមានសុខសន្តិភាព​ ស្ថិរភាព និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា​ បន្ថែមពីការឧបត្ថម្ភថវិកាប្រចាំឆមាសទី១​ ឆ្នាំ២០២១​ ចំនួន​ ១៥លានរៀល​ កាកបាទក្រហមកម្ពុជា​ បានផ្តល់អំណោយរួមមាន​ មី​ ៥០កេស,​ ត្រីខ​ ៥០០កំប៉ុង,​ ទឹកត្រី​ ៦០ដប​,​ ទឹកស៊ីអ៊ីវ​ ៦០ដប,​ ផ្លែប៉ោម​ ១កេស,​ ផ្លែក្រូចខ្វិច​ ៤កេស,​ ផ្លែទំពាំងបាយជូរ​ ៣កេស,​ ទឹកសុទ្ធ​ ២០កេស​,​ ទឹកក្រូច​ ២០កេស​,​ ប្រេងឆា​ ២កេស​,​ ជែលលាងដៃ​ ៤កេស,​ និងម៉ាស់​ ១កេស។ កុមារី​-យុវនារី​ ១២៨នាក់​ ម្នាក់ៗទទួលបាន​ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ១កញ្ចប់​ និងថវិកា​ ២ម៉ឺនរៀល។ បុគ្គលិក-គ្រូ​ ៣១នាក់​ ម្នាក់ៗទទួលបានថវិកា​ ៥ម៉ឺនរៀល៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print