ឆេះផ្ទះទិញលក់អេតចាយស្ទើរទាំងស្រុង សង្ស័យទុស្សេខ្សែភ្លើង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រសៀលថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ មានគ្រោះអគ្គីភ័យមួយបានឆាបឆេះ ផ្ទះទិញលក់អេតចាយស្ទើរទាំងស្រុង ដែលគេសង្ស័យអាចបណ្ដាលមកពីទុស្សេខ្សែភ្លើង ។

ហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋខាងលើ ត្រង់ចំណុចផ្ទះទិញលក់អេតចាយមួយកន្លែង ស្ថិតនៅភូមិវត្តជ្រែ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

មន្រ្តីនគរបាលស្រុកបាកានបានឲ្យដឹងថា ផ្ទះត្រូវបានអគ្គីភ័យឆាបឆេះមានមានទំហ៊ុំ ៧ម៉ែត្រ គុណនឹង៨ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដា រនាបក្រាលក្ដា តសំយ៉ាកស័ង្កសីផ្នែកខាងត្បូង៦ម៉ែត្រ គុណនឹង១២ម៉ែត្រ ផ្នែកខាងមុខ១០ម៉ែត្រ គុណនឹង១៣ម៉ែត្រ សម្រាប់ទុកដាក់សម្ភារ(អេតចាយ)និងផ្ទះបាយជញ្ជាំងឥដ្ឋទំហ៊ុំ៤ម៉ែត្រ គុណនឹង៥ម៉្រែត្រ ការខូចខាតផ្ទះ និងសម្ភារឆេះអស់ទាំងស្រុង ចំណែកសំយ៉ាបឆេះអស់ប្រមាណម្ភៃភាគរាយ ប៉ុន្តែពុំបង្កការរងរបួសដល់មនុស្សនោះឡើយ ។

ប្រភពពីមន្រ្តីនគរបាលស្រុកដដែលបន្តទៀតថា ម្ចាស់ផ្ទះឈ្មោះ ចាប លឿម ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ភោគ រោយ អាយុ ៤៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ពេលកើតហេតុមិននៅផ្ទះទេ(ដឹកអេតចាយទៅភ្នំពេញ)កូនប្រុសនៅផ្ទះឈ្មោះ លី ណាឃីម អាយុ ១៧ឆ្នាំ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ករណីនេះអាចបណ្ដាលមកពីទុស្សេខ្សែភ្លើងធ្លាក់កម្ទេចផ្កាភ្លើងលើភួយម៉ុង ទើបបណ្ដាលឲ្យឆាបឆេះបែបនេះ ។

ប្រភពបញ្ជាក់បន្តទៀតថា ករណីអគ្គីភ័យឆាបឆេះខាងលើ ប្រជាពលរដ្ឋភូមិផងរបងជាមួយ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ចេញជួយអន្ដរាគមទើបទប់ទល់ស្ដានភាពបាន ។

គួររំលឹកផងដែរ នៅវេលាព្រឹកថ្ងៃដដែលនេះ នៅក្នុងបរិវេណវត្តស្បូវរីក ស្ថិតនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ឯនេះវិញ ក៍មានអគ្គីភ័យឆាបឆេះកុដិព្រះសង្ឃ១ខ្នងផងដែរ ដែលបង្កឡើងដោយជនសតិមិនល្អម្នាក់ ៕

...

ដោយៈ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print