លោក វេង សាខុន: វិថីដែលក្រសួងត្រូវធ្វើដំណើរនៅវែងឆ្ងាយ ត្រូវការពេលវេលា និងប្រើប្រាស់ថវិការដ្ឋឲ្យមានប្រសិទ្ធ ភាព តម្លាភាព សុគតភាព ដើម្បីធានាដំណើរការនៃការអភិវឌ្ឍន៍វិស័យកសិកម្មឲ្យមានលក្ខណៈទំនើប ឆ្លាតវៃ នវានុវត្តន៍ ភាពប្រកួតប្រជែង និងនិរន្តរភាព

ចែករំលែក៖

ភ្នំពេញ, នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក រដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ តាមដាន វាយតម្លៃ និងតម្រង់ទិសលើការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍វិស័យកសិកម្ម ធ្វើយ៉ាងណាឲ្យបានសមស្របទៅតាមស្ថានភាពសង្គម និងសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចក្នុងតំបន់ និងអន្តរជាតិ ក្នុងបរិបទនៃការរីរាលដាលជាសកលជំងឺឆ្លងកូវីដ-១៩។ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកទីប្រឹក្សា លោកអគ្គលេខាធិការ លោកប្រតិភូ លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាព និងមន្រ្តីរាជការក្រោមឱវាទក្រសួង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះយ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្តើម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ទទួលខុសត្រូវ ជម្នះបាននូវរាល់ឧបសគ្គ បញ្ហាប្រឈម និងសហការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ នេះបានយ៉ាងល្អប្រសើរ សម្រេចទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាបន្តបន្ទាប់ បើទោះបីយើងកំពុងតែប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។ ជាក់ស្តែង រដ្ឋបាលជលផលបានបង្ហាញឲ្យឃើញអំពីសមិទ្ធផលវិជ្ជមានជាច្រើនដែលសម្រេចបានក្នុងឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី ០៥ ហើយស្ថាប័នផ្សេងៗទៀតកំពុងរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការក្នុងឆ្នាំ២០២០ របស់ខ្លួនជាបន្តបន្ទាប់ផងដែរ មុនឈានទៅរៀបចំមហាសន្និបាទបូលសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំក្នុងពេលឆាប់ៗខាងមុខ។

ឆ្លៀតយកឱកាសនៃការជួបជុំមហាគ្រួសារកសិកម្មនាពេលនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ គឺជាផែនទីបង្ហាញផ្លូវយ៉ាងច្បាស់មួយសម្រាប់យើងដើរឲ្យដល់គោលដៅ ព្រមជាមួយឆន្ទ: ការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាសម្រេចឲ្យបានតាមកម្មវិធីនយោបាយអភិវឌ្ឍន៍ជាតិ។ ហេតុដូច្នេះ ទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែង សហការរួមគ្នា ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ និងឆន្ទៈម្ចាស់ការពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់សំដៅសម្រេចផែនការយុទ្ធសាស្ត្រនេះ។ លោកបានបន្តថា ក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលបានឲ្យតម្លៃខ្ពស់លើវិស័យកសិកម្ម ដោយបានជំរុញ គាំទ្រ ឧបត្ថម្ភថវិកា និងលើកទឹកចិត្តឲ្យប្រជាកសិករ ជាពិសេសក្រសួងត្រូវខិតខំបង្កើន និងពង្រឹងភាពជាម្ចាស់ក្នុងការផលិត ធានាបានសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល តាមរយ:ការចិញ្ចឹមត្រី កង្កែប បក្សី សត្វពាហន: និងដំណាំស្បៀងផ្សេងៗទៀត ជាលក្ខណគ្រួសារ ក្នុងក្របខ័ណ្ឌ បច្ចេកទេសសមស្រប សាមញ្ញ ប្រើប្រាស់រយ:ពេលខ្លី ចំណាយទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ក្នុងខណ:ដែលវិស័យមួយចំនួនកំពុងជួបវិបត្តិ។ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ក្រសួងបាននិងកំពុងជំរុញបន្ថែមដល់សហគមន៍ កសិករ ផលិតករខ្នាតតូច និងមធ្យម សហការធ្វើការដាំដុះ ចិញ្ចឹមសត្វ និងត្រីជាមួយវិស័យឯកជនតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់ទីផ្សារ និងស្ថិរភាពតម្លៃ ព្រមជាមួយការលើកទឹកចិត្ត ជំរុញ គាំទ្រវិស័យឯកជន សហគ្រាសខ្នាតតូច មធ្យម និងដៃគូអភិវឌ្ឍន៍នានា វិនិយោគលើវិស័យកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការផលិតក្នុងស្រុក ស្ថិរភាពទីផ្សារ បង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាព ឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។

ក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចជាសកលនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមយ៉ាងច្បាស់ថា វិថីដែលក្រសួងត្រូវធ្វើដំណើរនៅវែងឆ្ងាយ ត្រូវការពេលវេលា និងប្រើប្រាស់ថវិការដ្ឋឲ្យមានប្រសិទ្ធ ភាព តម្លាភាព សុគតភាព ដើម្បីធានាដំណើរការនៃការអភិវឌ្ឍន៍វិស័យកសិកម្មឲ្យមានលក្ខណៈទំនើប ឆ្លាតវៃ នវានុវត្តន៍ ភាពប្រកួតប្រជែង និងនិរន្តរភាព។ ហេតុនេះ លោករដ្ឋមន្ត្រីបានផ្តល់ការណែនាំបន្ថែម និងដាក់ចេញនូវវិធានការគន្លឹះមួយចំនួនសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះយកទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផល ក្នុងនោះមានជាអាទិ៍៖

– ការធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅលើគ្រប់អនុវិស័យឲ្យកាន់តែទូលំទូលាយ
– អង្គភាពជំនាញត្រូវពិនិត្យមើលឡើងវិញរាល់គម្រោង ឬកម្មវិធីដែលកំពុងដំណើរការ ធ្វើយ៉ាងណាតម្រង់ទិសដៅអភិវឌ្ឍន៍ឲ្យចំគោលដៅ ឆ្លើយតបតាមសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

– មន្ទីរកសិកម្ម រាជធានី-ខេត្តត្រូវត្រួតពិនិត្យឡើងវិញលើរាល់គម្រោងអភិវឌ្ឍន៍ក្នុងមូលដ្ឋានជាក់ ស្តែងរបស់ខ្លួន ថាតើបានឆ្លើយតបតាមអ្វីដែលពលរដ្ឋចង់បាន ឬយ៉ាងណា?
– ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលត្រូវតម្រង់ទិសដៅឲ្យបានសម ស្របតាមការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ច ជាពិសេសរបត់នៃជំងឺឆ្លងកូវីដ-១៩
– អង្គភាពជំនាញ មន្ទីរ ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ត្រូវសហការអនុវត្តបច្ចេកវិទ្យាវៃឆ្លាត ប្រើប្រាស់ធាតុចូលឲ្យមានប្រសិទ្ធភាព សំដៅធ្វើឲ្យកសិផលអាចប្រកួតប្រជែង កាត់បន្ថយថ្លៃដើម ធានាគុណភាព សុវត្ថិភាពស្របតាមតម្រូវការ ស្តង់ដាទីផ្សារ
– គ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមគិតគូពីខ្សែច្រវាក់តម្លៃ ខ្សែច្រវាក់ផលិតកម្ម ជំរុញដំណើរការកសិ-ធុរកិច្ចប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ភ្ជាប់ទីផ្សារកសិផលតាមយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា និងយន្តការភាពជាដៃគូរវាង “រដ្ឋ-ឯកជន និងអ្នកផលិត”
– ពង្រឹងសាមគ្គីភាព ការដឹកនាំ ការគ្រប់គ្រងមន្រ្តីក្នុងស្ថាប័ននីមួយៗឲ្យបានល្អ។ ពង្រឹង និងអនុវត្តឲ្យបានម៉ឺងមាត់ ហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវ លក្ខន្តិកមន្រ្តីរាជការ និងសេវាសាធារណ:
– បន្តធ្វើការងារនៅមូលដ្ឋានមូលដ្ឋានដែលទទួលបន្ទុកឲ្យបានជាប់ជាប្រចាំ ដើម្បីត្រួតពិនិត្យ តាមដាននូវរាល់ភាពអសកម្ម ឬបញ្ហា និងដោះស្រាយឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print