ងាប់សត្វគោ២ក្បាលរបួសមនុស្ស១នាក់ ករណីគ្រោះអគ្គិភ័យឆាបឆេះសាលាបឋមសិក្សាកែវវិជ័យ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅវេលាម៉ោងប្រមាណ៨ និង៣០នាទី យប់ថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ មានគ្រោះអគ្គិភ័យមួយបានឆាបឆេះសាលាបឋម១ខ្នង បណ្ដាលឲ្យងាប់សត្វពាហនៈ(គោ)ចំនួន២ក្បាល និងរងរបួសមនុស្ស១នាក់ ដែលគេសង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើង ។

 ករណីគ្រោះអគ្គិភ័យឆាបឆេះសាលាបឋមខាងលើ ត្រង់ចំណុចសាលាបឋមសិក្សាកែវវិជ័យ ស្ថិតនៅភូមិកែវវិជ័យ ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ 

 អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សាលាបឋមសិក្សាត្រូវបានគ្រោះអគ្គីភ័យឆាបឆេះ សង់អំពីឈើដំបូលប្រក់ក្រឿង ជញ្ជាំងបាំងក្ដា មានទំហំទទឹងប្រវែង៦ម៉ែត្រ គុណនឹងបណ្ដោយប្រវែង៣២ម៉ែត្រ មានចំនួន៤បន្ទប់ឆេះអស់ទាំងស្រុង ក្នុងនោះបណ្ដាលឲ្យងាប់សត្វពាហនៈ(គោ)ចំនួន២ក្បាល និងរងរបួសមនុស្ស១នាក់(ស្រាល)ដោយសារតែគាត់ហក់ចូលទៅជួយស្រាយចំណងសត្វគោ ប៉ុន្តែស្ថានភាពមិនល្អក៏ប្រាសយកតែរួចខ្លួនឯងទៅ ។

 ប្រភពពីអាជ្ញាធរដដែលបន្តទៀតថា ករណីអគ្គិភ័យឆាបឆេះនេះរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកកណ្ដៀង និងស្នងការដ្ឋាននគរបាលខេត្តចេញអន្ដរាគមភ្លាមៗដែរ ដោយបាញ់ទឹកអស់ចំនួន៥សុីទែនទើបរលត់ ប៉ុន្តែទោះជាយ៉ាងណាក្ដីភ្លើងបានបំផ្លាញទាំងស្រុងទៅហើយ ។ 

 គួររំលឹកថា ថ្ងៃ៥ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះអគ្គិភ័យបានកើតឡើងជាបន្តបន្ទាប់រហូតដល់ទៅចំនួន៣ករណី ដោយលើកទី-១ បានកើតឡើងនៅក្នុងបរិវេណ(វត្តស្បូវរីក)ស្ថិតនៅវត្តស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ លើកទី-២ បានកើតឡើងនៅផ្ទះលក់ទិញអេតចាយ ស្ថិតនៅភូមិវត្តជ្រែ ឃុំបឹងខ្នារ ស្រុកបាកាន និងលើកទី-៣គឺឆេះសាលាបឋមសិក្សាកែវវិជ័យស្ថិតនៅភូមិ.ឃុំ.ស្រុកខាងលើនេះតែម្ដង ៕

                  

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print