ភ្នំពេញ៖ សង្ស័យទុស្សេខ្សែភ្លើងទើបបណ្ដាលឲ្យឆាបឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តសម្រាប់លក់តាមអនឡាញមួយកន្លែងយ៉ាងសន្ធោសន្ធៅខណៈដែលម្ចាស់ចាក់សោពីខាងក្នុងហើយមាននារី២នាក់ ប្រចាំការនៅក្នុងនោះ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណជាង១២និង៤០ នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តខាងលើ ហើយក៏ទៅគោះទ្វារហៅនារីពីរនាក់ដែលនៅខាងក្នុង។ ពេលបើកទ្វារចេញមកក្រៅស្រាប់តែឃើញមានរងរបួសដៃនារីម្នាក់ ទើបប្រជាពលរដ្ឋបាននាំគ្នាជួយបាញ់ទឹកពន្លត់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានដើម្បី ឱ្យជួយធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះ។ ភ្លាមៗនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញមកជួយធ្វើអន្តរាគមន៍ចំនួនបួនគ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួនពីរឡាន ទើបអគ្គិភ័យរលត់ទៅវិញបានទាំងស្រុង នៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃខែឆ្នាំដដែល។ អគ្គិភ័យខាងលើនេះមិនបណ្ដាលឲ្យឆាបឆេះដល់ផ្ទះរបស់អ្នកជិតខាងនោះទេ។
ក្រោយបញ្ចប់ការបាញ់ទឹកពន្លត់រលត់អស់ទាំងស្រុងហើយ តាមការពិនិត្យជាក់ស្ដែងឃ្លាំងទំហំប្រមាណ៥ម៉ែត្រគុណនឹង៧ម៉ែត្រ រងការខូចខាតប្រមាណ៣០% ចំណែកគ្រឿងបន្លាស់រថយន្ត ភេសជ្ជៈ ប្រហែល១០០កេស ដែលម្ចាស់ឃ្លាំងទិញទុកតិចអៀឲ្យម៉ូយ និងម៉ូតូ zoomer ១គ្រឿងឆេះខ្ទេចគ្មានសល់។ ដោយឡែកអីវ៉ាន់និងគ្រឿងបន្លាស់ផ្សេងទៀតនៅក្នុងផ្ទះមិនបានរងការខូចខាតនោះទេ៕
ដោយនិន សុភ័ស្ត