ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨៩១សហការជាមួយកងកម្លាំងយោធាកងពលលេខ៥១ កាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះបានទទួលពលករខ្មែរចំនួន៣នាក់ពីទាហានឈុតខ្មៅថៃនៃកងអនុសេនាធំ១២០១ ដែលបានបញ្ជូនមកពីផ្សាររុងក្លឿ ( ប្រទេសថៃ ) ដើម្បីមកធ្វើចត្តាឡីស័ករកមេរោគកូវីដ-១៩។
ពលករខ្មែរដែលភាគីថៃបញ្ជូនមកនោះមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះសៀង ផុល ភេទប្រុសអាយុ៥៥ឆ្នាំ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
២-ឈ្មោះសាមុន បេងលាប ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិម្កោ ឃុំតាល្អង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
៣-ឈ្មោះសុប បន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកោកកាណាំង ឃុំគុតតាសត ស្រុកអូរជ្រៅ ។
ពលករទាំង៣នាក់ត្រូវបានបញ្ជូនមកតាមអូរព្រំដែនកម្ពុជា-ថៃ នៅចំណុចរោងម៉ាស៉ីនក្រុមហ៊ុនកាស៊ីណូគ្រែនដាយម៉នស៉ីធីក្រោយនាគមាស ត្រូវបានសមត្ថកិច្ចយើងធ្វើការអប់រំរួចបញ្ជូនមកធ្វើចត្តាឡីស័ក។
លោក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១បានចាត់កម្លាំងប៉ុស្តិ៍ក្បាលស្ពាននៃវរៈ៨៩១ដឹកនាំដោយលោកសែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាន នៃវរៈ៨៩១បានដឹកបញ្ជូនពលករទាំង៣នាក់ទៅកាន់មណ្ឌលចត្តាឡីស័កនៅមណ្ឌលសំចត ស្ថិតនៅក្នុងសាលាបឋមសិក្សាហ៊ុន សែន ព្រហ្មនិមិត្ត (ហៅសាលាព្រហ្មនិមិត្ត)ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកមេបញ្ជាការបញ្ជាក់ថា ចំពោះករណីខាងលើនេះប៉ុស្តិ៍ក្បាលស្ពាននៃវរៈលេខ៨៩១បានបញ្ជូនពលករទៅកាន់មណ្ឌលចត្តាឡីស័កចំនួន៥លើកហើយក្នុងនោះលោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ វណ្ណា