បង្ហូរឈាមក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ម្ខាងបែកក្បាលដេរ១២ថ្នេរ ឯជនដៃដល់រត់ចោលស្រុក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានរងរបួសធ្ងន់ហូរឈាមស្រោចខ្លួន ដោយស្នាដៃគូទំនាស់កាប់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ កូនកំលោះកូនក្រមុំរបស់អ្នកភូមិ ហើយករណីនេះត្រូវបានគេសង្ស័យអាចជាការកាប់ច្រឡំ ។

 ករណីហិង្សាដោយចេតនាខាងលើ បានកើតឡើងនៅវេលាម៉ោង៩ និង៤៥នាទី យប់ថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចក្នុងរោងរៀបអាពាហ៍ពិពាហ៍ កូនកំលោះកូនក្រមុំរបស់ឈ្មោះ អឿន អាង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងរបួសត្រូវបានគេស្គាល់ឈ្មោះ លឿត ផល្លា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ របួសក្បាល(ធ្ងន់)បញ្ជូនព្យាបាលនៅមន្ទីរពេទ្យដេរចំនួន១២ថ្នេរ ។ 

 ប្រភពដដែលបន្តទៀតថា នៅថ្ងៃកើតហេតុខណៈមានពិធីពិសាអាហារកូនអ្នកភូមិដោយភ្លេង និងមានភ្ញៀវរាំលេងកម្សាន្តផងនោះ ស្រាប់តែផ្អើលឈុលដោយគេឃើញជនរងរបួសដេកដួលក្នុងថ្លុកឈាមស្ដូក ។ ចំណែកជនសង្ស័យដៃដល់ត្រូវបានកំណត់មុខសញ្ញាច្បាស់លាស់មានគ្នាចំនួន២នាក់ ប៉ុន្តែភ្លាមៗនោះជនសង្ស័យដៃដល់ជិះម៉ូតូគេចខ្លួនបាត់។

សាក្សីបានឲ្យដឹងថា ករណីនេះអាចជនសង្ស័យកាប់ច្រឡំព្រោះជនរងរបួស និងជនសង្ស័យមិនដែលស្គាល់គ្នាទេ ម្យ៉ាងមានទីលំនៅឆ្ងាយពីគ្នាទៀតផង ៕ ដោយ÷៖ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print