ភ្នំពញ ៖ ម៉ូតូ២គ្រឿងបុកគ្នាលាន់ដូចរន្ទះ ធ្វើឱ្យអ្នកជិះរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ហើយម៉ូតូខូចខ្ទេចទាំងសងខាង ខណៈដែលភាគីម្ខាងចេញពីលេងបាល់ទះវិញ បើកម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀត មកតាមផ្លូវត្រង់បុកចំក្បាំងម៉ូតូបណ្ដាលឲ្យដួលបោកអូសដាច់មេជើងម្នាក់ និងម្នាក់ទៀតចុកឆ្អល់ ចំណែកម៉ូតូខូចខាតទាំងសងខាង។
គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ននេះកើតឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១៣២ ក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1IE-2164 បើកបរដោយបុរសម្នាក់តាម បណ្ដោយផ្លូវលេខ១៣២ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HM-8936 ចេញពីកន្លែងលេងបាល់ខាងក្រោយអតីតក្លិបបេសរ៉ូម ដោយបើកឆ្លងផ្លូវពីត្បូងទៅជើង ត្រូវម៉ូតូវ៉េវបុក បណ្ដាលឲ្យអ្នកបើកម៉ូតូហុងដាឌ្រីមដួលបោកអូសដាច់មេជើងខាងឆ្វេង ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យហុងហាក់ ចំណែកអ្នកបើកម៉ូតូវ៉េវបានចុកឆ្អល់នៅកន្លែងកើតហេតុ ។
បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចប៉ុស្តិ៍សហការជាមួយជំនាញចរាចរណ៍ខណ្ឌ បានចុះមកដល់ហើយបានជួយសម្របសម្រួល ទើបខាងម៉ូតូវ៉េវព្រមសងចំនួន50$ ដើម្បីបញ្ចប់រឿង ៕
ជ្រោយពេជ្រ