ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖  ដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹក្យ ត្រូវបានក្រុមជនខិលខូចលួចឃុបឃិតគ្នាជាប្រពន្ធ័ កាប់រុករានទន្ទ្រានយកលក់យកលុយចែកគ្នារាប់ម៉ឺនដុល្លារអាមេរិក នៅម្តុំបឹងខ្លុង ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ជាប់និង ចំណុចអូរត្រាវ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទាំងអាជ្ញាធរឃុំ អ្នកគួកជេដី និងម្ចាស់សិប្បកម្មមួយរូប លក់យកលុយយ៉ាងរំភើយមិនញញើតច្បាប់ទាល់តែសោះ។

តាមការបង្ហើបពីប្រជាពលរដ្ឋម្នាក់ក្នុងការមិនហ៊ានបញ្ចេញឈ្មោះថា ទីតាំងដែលក្រុមជនខិលខូចលួចឃុបឃិតគ្នាកាប់ឆ្ការព្រៃ ទន្ទ្រានយកដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យនេះស្ថិតនៅចំណុចខាងកើតអូរត្រាវ ជាប់ចំការតាលឹម. ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាប់និងបឹងខ្លុង ក្នុងស្រុកក្រវាញ ខេត្តពោធិ៍សាត់ ការកាប់ព្រៃឈើ រុករានទន្ទ្រានយកដីនេះ ក្រុមជនខិលខូចបានជួលប្រជាពលរដ្ឋស៊ីឈ្នួលរយះពេលជាង៣ខែមកហើយ. ដែលគេស្គាល់មានឈ្មោះ គឹមយិន.សមាជិកក្រុមប្រឹក្សាឃុំត្រពាំងជោ ឈ្មោះ ធី ជាអ្នកគួកជេរដីល្បីឈ្មោះប្រចាំស្ពានដែក និងម្នាក់ទៀត ឈ្មោះធួន ជាម្ចាស់សិប្បកម្មជាប់រង្វង់មូលស្ពានដែក ជាមេខ្លោងក្នុងការដឹកនាំ។
ប្រភពដដែលបន្តថា ដីព្រៃរបស់រដ្ឋរងការបំផ្លិចបំផ្លាញពីសំណាក់ជនខិលខូចនោះមានទំហំរាប់រយ ពាន់ហិកតា នៅជាប់នឹងដីរបស់ក្រុមហ៊ុនចំការដំឡូង(HLH) បានលក់ទៅអោយអ្នកមានលុយមានអំណាចនៅឯរាជធានីភ្នំពេញ ទង្វើរ របស់ក្រុមជនខិលខូចទាំងអស់នេះជាទង្វើ បំផ្លិចបំផ្លាញធនធានធម្មជាតិ ជាដីរបស់រដ្ឋការពារ ដោយព្រះរាជក្រឹត្យ ហើយអាជ្ញាធរមូលដ្ឋាន ស្រុក ខេត្ត និងជំនាញដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហាក់បីដូចជាមិនអើពើ ទប់ស្កាត់ទាល់តែសោះ។ ជាពិសេសលោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែជម្រកសត្វព្រៃភ្នំឱរ៉ាល់ តាំងពីឡើងជាស្តីទីមក មិនដែលបង្ក្រាបបទល្មើសឬទប់ស្កាត់ការរុករានទន្ទ្រានយកដីព្រៃបាន១ករណីឡើយ ឬមួយលោកមានការពាក់ព័ន្ធដែរ? ទើបគ្មានការទប់ស្កាត់សោះ ពីព្រោះថាដីដែលក្រុមជនខិលខូចរុករានទន្ទ្រានយកលក់នោះ នៅជិតជាមួយនឹងស្នាក់ការរង ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ អូរត្រាវដែរ។

ពាក់ព័ន្ធនឆងការលើកឡើងរបស់ប្រជាពលរដ្ឋខ្លាចបាត់បង់ដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យផងនោះ ហើយមានជនខិលខូចទៅទន្រ្ទានយកលក់ចែកលុយគ្នានោះ លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បាននិយាយឲ្យដឹងតាមទូរស័ព្ទថា រាល់ដីព្រៃរបស់រដ្ឋគ្មានអ្នកណាម្នាក់មានសិទ្ធិកាប់រានយកធ្វើជាកម្មសិទ្ធិឡើយ. ហើយអ្នកណាក៏ដោយឲ្យតែធ្វើខុសច្បាប់ គឺមានទោស. បន្ទាប់ពីទទួលបានព័ត៌មាននេះពីអ្នកសារព័ត៌មានលោកនិងចាត់ឲ្យ មន្ត្រីរបស់លោកចុះទៅពិនិត្យដល់ទីកន្លែងតែម្តង លោកទើបឡើងកាន់តំណែងថ្មី មិនទាន់គ្រប់គ្រងបាននោះទេ. មិនប្រាកដថាប្រជាពលរដ្ឋជាអ្នកខុស ហើយក៏មិនប្រាកដថា មន្ត្រីគ្មានអ្នកខិលខូចនោះដែរ។

ជាចុងក្រោយក្នុងនាមប្រជាពលរដ្ឋមួយរូបដែលមានការសោកស្តាយ ធនធានធម្មជាតិ(ព្រៃឈើ) ដីធ្លីនោះ ធ្វើការសំណូមពរដល់អាជ្ញាធរ មានសមត្ថកិច្ច ពាក់ព័ន្ធ ជួយទប់ស្កាត់ផង. និងជាពិសេសសំណូមពរដល់លោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែន លោកប្រធានមន្ទីរបរិស្ថានថ្មីទើបឡើងកាន់ដំណែង និងឯកឧត្ដម អភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានបង្ក្រាបថ្នាក់ខេត្ត មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ ការរុករានទន្ទ្រានដីព្រៃរបស់រដ្ឋផង។ ទាក់ទងនឹងបញ្ាខាងលើនេះអ្នកយកពត៌មានយើងមិនអាចសុំការពន្យល់ពីភាគីពាក់ព័ន្ឋខាងលើបានទេ៕

...

សេនាស័ក្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print