កូរ៉េខាងត្បូង៖ បើយោងតាមគេហទំព័រ(ខ្មែរនៅកូរ៉េ News) ផ្សាយនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ បានអោយដឹងថា, រដ្ឋាភិបាលក្រុងសេអ៊ូលប្រកាសថានឹងទទួលធ្វើតេស្តជំងឺកូវីដ-១៩ សម្រាប់សត្វចិញ្ចឹមដូចជាឆ្មារ និងឆ្កែ ប្រសិនបើសត្វចិញ្ចឹមទាំងនោះសង្ស័យមានបង្ហាញរោគសញ្ញាណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ នេះបើតាមគេហទំព័រខាងលើយក ពការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
កម្មវិធីធ្វើតេស្តលើសត្វចិញ្ចឹមនេះ នឹងចាប់ផ្តើមអាចអនុវត្តពីថ្ងៃចន្ទនេះទៅ ក្រោយពីប៉ុន្មានសប្តាហ៍កន្លងទៅអជ្ញាធរសុខាភិបាលកូរ៉េរកឃើញករណីកូវីដ-១៩ដំបូងគេបង្អស់នៅលើកូនឆ្មារដែលគេចិញ្ចឹមមួយក្បាល នៅតំបន់ជិនជូ។ ការធ្វើតេស្តនេះ នឹងរៀបចំធ្វើនៅក្បែរទីតាំងលំនៅស្ថានរបស់សត្វចិញ្ចឹមនោះតែម្តង ពីសំណាក់អជ្ញាធរសុខាភិបាលរួមនឹងគ្រូពេទ្យសត្វមួយរូបផងដែរ។
អាជ្ញាធរបញ្ជាក់ថា ការធ្វើតេស្តនេះសម្រាប់តែសត្វចិញ្ចឹមឆ្កែ និងឆ្មារដែលមានបង្ហាញអាការៈដូចជាក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ឬមានចេញទឹកភ្នែក ឬអាច់ភ្នែកចេញច្រើនជាងធម្មតា។ យ៉ាងណាក៏ដោយ អជ្ញាធរជំនាញបញ្ជាក់ថាករណីដែលសត្វអាចរកឃើញថាមានមេរោគកូរ៉ូណាគឺតិចណាស់ ហើយលទ្ធភាព និងភស្តុតាងដែលបញ្ជាក់ពីការចម្លងពីសត្វមកមនុស្សក៏មិនទាន់មានដែរ។
បើតាមការបញ្ជាក់ ប្រសិនបើសត្វចិញ្ចឹមរកឃើញថាវិជ្ជមានជំងឺកូវីដ គេនឹងត្រូវតម្រូវឱ្យម្ចាស់ចាប់សត្វទាំងនោះធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ដោយមិនចាំបាច់យកទៅដាក់ព្យាបាលនៅទីតាំងដាច់ដោយឡែកពីមនុស្សនោះទេ ដោយសារតែមិនមានការរកឃើញពីការចម្លងមកមនុស្សបាន។ ប៉ុន្តែក្នុងករណីដែល ម្ចាស់របស់សត្វទាំងនោះមិនអាចនៅមើលថែវាបាន ដោយសារតែខ្លួនកំពុងតែសម្រាកព្យាបាលកូវីដនៅមន្ទីរពេទ្យដែរនោះ ឬមានហេតុផលណាដទៃទៀត សត្វចិញ្ចឹមដែលរកឃើញថាវិជ្ជមានកូវីដនឹងត្រូវយកទៅដាក់ទីតាំងចត្តាឡីស័ករបស់រដ្ឋាភិបាលវិញផងដែរ។
អាជ្ញាធរក៏បានផ្តល់ជាអនុសាសន៍ថា គួរអនុវត្តវិធានការអនាម័យចាំបាច់នានាចំពោះសត្វចិញ្ចឹមទាំងនោះផងដែរ រួមទាំងគួរឱ្យមានគម្លាតយ៉ាងហោចណាស់ ២ ម៉ែត្រនៅពេលបណ្តើរសត្វចិញ្ចឹមរបស់អ្នកចេញមកក្រៅ កុំឱ្យប៉ះមនុស្សដទៃ ឬសត្វដទៃទៀតផងដែរ៕
ដោយ, សិលា