ខេត្តកោះកុង ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា គ្រប់ការរៀបចំដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ជនបទ ត្រូវប្រើប្រាស់សេវាកម្មរបស់សហគមន៍ឱ្យបានច្រើន ដាច់ខាតមិនអាចរំលងការទំនាក់ទំនងជាមួយប្រជាសហគមន៍ឡើយ ដោយហេតុថាកិច្ចសហការ និងទំនាក់ទំនងល្អជាមួយសហគមន៍ នឹងអាចចូលរួមជំរុញជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យកានតែប្រសេីរឡេីង។
ការថ្លែងបែបនេះរបស់ លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោករួមជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៍ថ្មីនៃខេត្តកោះកុង នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលមហោស្រពខេត្តកោះកុង។ លោក សុខ ចាន់គ្រឹះស្នា ត្រូវបានតែងតាំងជាប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ជំនួសលោក ប៊ុន ប៊ីវ ដែលត្រូវចូលនិវត្តន៍។
នាឱកាសនោះ លោកបណ្ឌិត ថោង ខុន បានលើកឡើងថា វិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ត្រូវបានអង្គការទេសចរណ៍ពិភពលោក (UNWTO) ចាត់ទុកជាអនុវិស័យដ៏សំខាន់បំផុតនៃវិស័យទេសចរណ៍ពិភពលោក ដោយអនុវិស័យនេះបានចូលរួមទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន ពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ និងក្រោយវិបត្តិនេះ វិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្ដារវិស័យទេសចរណ៍ជាតិ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានទាំងមូល ក៏កំពុងយកចិត្តទុកដាក់ខ្លាំងណាស់ដែរចំពោះការអភិវឌ្ឍ ការផ្សព្វផ្សាយ និងការជំរុញឱ្យមានចលនាទេសចរក្នុងស្រុកទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ពីពេលនេះតទៅ តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ នឹងជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ជាតិទាំងមូល ជំរុញជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ជំរុញការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ពន្ធរូបវន្តនានា ចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះឱ្យនៅគង់វង្សយូរអង្វែង ពិសេសគឺផ្គាប់ចិត្តភ្ញៀវទេសចរបានកាន់តែល្អក្នុងពេលពិភពលោកកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ដែលប្រការនេះនឹងចូលរួមជំរុញការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចទាំងមូល។
លោករដ្ឋមន្ត្រីទេសចរណ៍បានបញ្ជាក់យ៉ាងដាច់អហង្កាថា «គ្រប់ការរៀបចំដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ជនបទ ត្រូវតែប្រើប្រាស់សេវាកម្មរបស់សហគមន៍ឱ្យបានច្រើន ដាច់ខាតមិនអាចរំលងការទំនាក់ទំនងជាមួយប្រជាសហគមន៍បានឡើយ»។
លោកបានបន្តទៀតថា ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ ត្រូវបានតែផ្ដល់ចំណូលទៅឱ្យប្រជាសហគមន៍ ពីព្រោះប្រជាសហគមន៍ជាអ្នកបង្កើតឱ្យមានផលិតផលទេសចរណ៍ ជាអ្នកអភិរក្សការពារធនធានធម្មជាតិ ជីវចម្រុះ ក៏ដូចជាសក្ដានុពលទេសចរណ៍ដទៃទៀត រីឯវិស័យសាធារណៈដែលមានក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ឃុំ ភូមិ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ដទៃទៀត ជាអ្នកគាំទ្រដល់ការអភិវឌ្ឍ និងការអភិរក្សនៅក្នុងមូលដ្ឋានសហគមន៍ ក៏ដូចជាជួយផ្សព្វផ្សាយ បណ្ដុះបណ្ដាលប្រជាសហគមន៍ឱ្យចេះទទួលភ្ញៀវទេសចរ។
ប្រសិនបើទីភ្នាក់ងារទេសចរណ៍ (ពិសេសក្រុមដែលមិនបានចុះបញ្ជី) មិនព្រមទំនាក់ទំនង មិនប្រើប្រាស់សេវាកម្មរបស់សហគមន៍ នោះសហគមន៍មិនអាចបន្តដំណើរការអភិរក្ស និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ក្នុងសហគមន៍ប្រកបដោយការពេញចិត្តបានឡើយ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានព្រមានថា ក្រសួងទេសចរណ៍នឹងពង្រឹងការត្រួតពិនិត្យប្រតិបត្តិការរបស់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ក៏ដូចជាក្រុមនាំភ្ញៀវដែលទៅដល់សហគមន៍ហើយ មិនប្រើប្រាស់សេវាកម្មរបស់សហគមន៍ ដើម្បីឱ្យការបែងចែកផលចំណូលបានទៅដល់សហគមន៍បានខ្លះ សហគមន៍សប្បាយចិត្តក្នុងការបន្តការងាររបស់ខ្លួនទៀត។
ក្រោយទទួលបានសំណូមពរពីលោករដ្ឋមន្ត្រី ថោង ខុន ដែលបានលើកឡើងក្នុងអង្គពិធីនោះរួចមក លោកស្រីអភិបាលខេត្ត មិថុនា ភូថង បានចាត់ចែងឱ្យលោកប្រធានមន្ទីរទេសចរណ៍ខេត្តថ្មី ព្រមទាំងមន្ត្រីក្រោមឱវាទដែលពាក់ព័ន្ធចុះត្រួតពិនិត្យ និងអនុវត្តតាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក្ដៅៗភ្លាមៗតែម្ដង។
សូមជម្រាបថា ខេត្តកោះកុងត្រូវបានចាត់បញ្ចូលក្នុងចង្កោមខេត្តតំបន់ឆ្នេរដែលជាប់នាមថា «តារារះនាទិសនិរតី» និងជាខេត្តសម្បូរទៅដោយតំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដូច្នេះការអនុវត្តតាមយុទ្ធសាស្ត្រ 4Ps ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ជាប់ខ្ជួន៕
ដោយ, សិលា