ភាពយន្តរឿង “ទុំទាវ” ដ៏ល្បីល្បាញដែលផលិតដោយផលិតករលោកហ្វៃ សំអាង ធ្លាប់ធ្វើឲ្យអង្រួនចិត្តទស្សនិកជនមិនតិចទេកាលពីអំឡុងឆ្នាំ២០០៣។ ក្នុងនោះតារាសម្តែង២រូបដែលជាតួអង្គ ទុំ និងទាវ គឺ លោក ស៊ុក សុភា និងអ្នកនាង ដាញ់ ម៉ូនីកា បានក្លាយជាតួអង្គលេចធ្លោរបំផុតដែលគេធ្លាប់បានស្គាល់ បន្ទាប់ពីលោក ទេព រិនដារ៉ូ និងអ្នកនាង នារី រ័ត្នគន្ធ ដែលសម្តែងក្នុងរឿង ទុំទាវ ជាបទចម្រៀងខារ៉ាអូខេនោះ។
តួឯកស្រី អ្នកនាង ដាញ់ ម៉ូនីកា៖ អតីតារាសម្តែងស្រីស្រស់សោភារូបនេះបានបញ្ចប់ការងារសិល្បៈទាំងស្រុងក្រោយពីអ្នកនាងបានរៀបមង្គលការជាមួយស្វាមី លោក ប៊ុន ថែល ដែលគេដឹងថាជាអាណិកជនរស់នៅប្រទេសអូស្ត្រាលីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១០។ នាងបានចេញទៅរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីភ្លាមៗក្រោយរៀបការបើទោះបីជាគ្រានោះនាងកំពុងតែល្បីឈ្មោះខ្លាំងក៏ដោយ។ ពេលនេះនាងបានបង្កើតបានកូនស្រីវ័យ១០ឆ្នាំម្នាក់ និងកូនប្រុសវ័យ៥ឆ្នាំម្នាក់ផងដែរ។ នាងធ្លាប់បានធ្វើដំណើរមកទឹកដីកំណើតជាញឹកញាប់ ប៉ុន្តែនាងមិនបានឆ្លៀតសម្តែងសិល្បៈដូចតារារួមជំនាន់ អ្នកនាង សារ៉ាយ សក្កណាឡើយ។
តួឯកប្រុសលោក ស៊ុក សុភា៖ ក្រោយសាងស្នាដៃលេចធ្លោរក្នុងភាពយន្តមួយចំនួន អតីតតារាសម្តែងរូបនេះត្រូវបានផលិតករលោក ហ្វៃ សំអាង ធ្វើការជ្រើសរើសឲ្យចូលរួមសម្តែងភាពយន្តខាងលើរហូតផ្ទុះការគាំទ្រច្រើនក្រោយពីបានចាក់បញ្ចាំងក្នុងរោងភាពយន្តបើទោះបីជាមានលេចចេញរឿងចម្រូងចម្រាស់នៃការផលិតព្រមគ្នាជាមួយផលិតកម្មផ្សេងក៏ដោយ។ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១២ តារាសម្តែងរូបនេះបានរៀបការជាមួយនារីអាណិកជនរស់នៅប្រទេសអូស្ត្រាលី អ្នកនាង លុយ រីម៉ា ហៅសារីនណា។ បច្ចុប្បន្នលោក និងភរិយាបានសាងក្រុមគ្រួសារយ៉ាងមានសុភមង្គលនៅលើទឹកនៃប្រទេសអូស្ត្រានិងមានកូនប្រុសស្រីសរុប៥នាក់រួចហើយដែរ៕
គួរបញ្ជាក់ដែរថា រឿង”ទុំទាវ” ដែលជាស្នាដៃអក្សរសិល្ប៍ខ្មែរ និពន្ធដោយព្រះភិក្ខុសោមក្នុងអំឡុងឆ្នាំ១៩១៥ ។ អត្ថបទកាព្យដ៏ល្បីល្បាញនេះក៏ត្រូវបានបកប្រែជាភាសាអង់គ្លេស និងជាប្រលោមលោកពេញនិយមសម្រាប់អ្នកសិក្សាបរទេសផងដែរ។ នៅកម្ពុជាវិញមានការផលិតជាល្ខោន យីកេ បទចម្រៀង និងភាពយន្តខ្នាតធំជាច្រើនបន្តបន្ទាប់ ហើយស្នាដៃទាំងនេះត្រូវបានជ្រួតជ្រាបដល់ប្រជាជនខ្មែរគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ៕