ភ្នំពេញ ៖ ពិធីសំណេះសំណាល និងប្រកាសសមាសភាពលេខាធិការដ្ឋាន និងក្រុមការងារកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករ និយោជិតតាមសង្កាត់ ក្នុងខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាពលោកជា ខេមា អនុប្រធានគណបក្ស និងជាអនុប្រធានក្រុមការងារដឹកនាំកសាងគណបក្ស កសាងសហជីព និងចលនាកម្មករ និយោជិតតាមរោងចក្រ សហគ្រាស គ្រិឹះស្ថានខណ្ឌព្រែកព្នៅ។
បន្ទាប់ពីលោកឆាយ បូរ៉ាស៊ី ឡើងអានសេចក្តីសម្រេចស្តីពីការបង្កើតក្រុមលេខាធិការដ្ឋានជាសេនាធិការ នៃក្រុមការងារដឹកនាំកសាងបក្ស កសាងអង្គការសហជីព និងចលនាកម្មករ និយោជិតតាមរោងចក្រ សហគ្រាស គ្រិឹះស្ថានខណ្ឌព្រែកព្នៅ និងអានសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារដឹកនាំកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករ និយោជិតតាមរោងចក្រ សហគ្រាសគ្រឺះស្ថានតាមសង្កាត់ទាំង៥ នៃខណ្ឌព្រែកព្នៅរួចមក លោកជា ខេមា បានមានប្រសាសន៍ថា ការកសាងបក្ស កសាងសហជីព និងកសាងសមាជិកបក្សតាមរោងចក្រ ក្រុមការងារត្រូវយកទៅអនុវត្តឲ្យបានគ្រប់សង្កាត់ទាំងអស់ ហើយចុះឲ្យដល់មូលដ្ឋានដើម្បីដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ។
លោកបន្តថា ក្នុងការកសាងបក្ស កសាងសហជីព និងកសាងសមាជិកបក្សតាមរោងចក្រនេះយើងត្រូវដឹងនិងបែងចែកឲ្យច្បាស់លាស់ នៅក្នុងរោងចក្រសហគ្រាស និងគ្រឹះស្ថានទាំងនោះតើមានកម្មករ កម្មការិនី មកពីកន្លែងផ្សេងប៉ុន្មាននាក់ ហើយបានកសាងបក្សហើយឬនៅ បើនៅតើយើងត្រូវធ្វើរបៀបណា?
លោកបញ្ជាក់ថា ចាប់ពីពេលនេះទៅសហជីពត្រូវជំរុញក្រុមការងាររបស់ខ្លួនចុះឲ្យដល់តាមមូលដ្ឋានរោងចក្រសហគ្រាស និងគ្រឹះស្ថាន ហើយត្រូវមានរបបប្រជុំ១ខែម្តង ដើម្បីឲ្យដឹងថា ក្រុមការងារបានកសាងសមាជិកបក្សបានប៉ុន្មាននាក់ ហើយពួកគាត់ត្រូវការអ្វី បើយើងជួយបានយើងសម្រួលឲ្យពួកគាត់ភ្លាម។
ជាចុងក្រោយលោកជា ខេមា សុំឲ្យក្រុមការងារទាំងអស់ទាំង ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ មានមនោសញ្ចេតនាជាប់ជាមួយប្រជាពលរដ្ឋទូទៅ ហើយត្រូវតែបន្តកិច្ចសហការ និងមានសាមគ្គីភាពផ្ទៃក្នុង ដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ ជាពិសេសត្រូវគោរពតាមនិងអនុវត្តឲ្យបាននូវគោលនយោបាយទិសដៅរបស់គណបក្ស ដើម្បីកុំឱ្យថ្នាក់ដឹកនាំរបស់យើងនៅខាងលើមានការខកបំណងពីក្រុមការងារនេះឲ្យសោះ៕
ដោយ ៖ ព្រែកសំរោង