ខេត្តរតនគិរី៖ ប្រធានមន្ទីរទេសចរខេត្តរតនគិរី លោកង៉ែត ពិទូ បានបា្រប់ឲ្យដឹងថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលចូលមកកម្សាន្ត នៅក្នុងខេត្តរតនគិរី ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២កុម្ភះ ដល់ថ្ងៃទី១៤កុម្ភះឆ្នាំ២០២១ គឺមានចំនួន ១ម៉ឺន ២ពាន់ ៦៨៩នាក់ ក្នុងនោះ ភ្ញៀវអន្តរជាតិ ៦៤នាក់ ភ្ញៀវជាតិ ១ម៉ឺន ២ពាន់ ៦២៥នាក់ គឺមានការថយចុះ ២៩,០៧ ភាគរយ ភ្ញៀវជាតិថយចុះ ២៨,២៣ភាគរយ ភ្ញៀវអន្តរជាតិថយចុះ ៧៨,៦០ភាគរយ បើធៀបនឹងឆ្នាំ២០២០ កន្លងមក ភ្ញៀវមានចំនួន ១ម៉ឺន ៧ពាន់ ៨៩០នាក់។ លោកថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរនេះ គឺដោយសារកត្តាព្រួយបារម្ភពីជំងឺកូវីដ១៩។
លោក ង៉ែត ពិទូ បានបញ្ជាក់ថា ខេត្តរតនគិរី គឺជាខេត្តមួយ ស្ថិតនៅភាគឥសាន្ត មានព្រំដែនជាប់នឹងប្រទេសឡាវ និងវៀតណាម ខេត្តមួយនេះ មានតំបន់ទេសចរ ដ៏គួរជាទីទាក់ទាញ ទាំងតំបន់អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ចំនួន ១៤កន្លែង ហើយកន្លែងដែលទាក់ទាញអ្នកទេសចរច្រើនជាងគេ គឺរម្មណីយដ្ឋានធម្មជាតិ បឹងយក្ខឡោម ស្ថិតក្នុងក្រុងបានលុង រមណីដ្ឋានទឹកធ្លាក់៧ជាន់ ឬហៅថា អូរសៀងលែ និងរមណីដ្ឋានបឹងលំកុដ្ឋិ ស្ថិតក្នុងស្រុកលំផាត់ នោះជាដើម។
ក្រៅពីនេះ ក៏នៅមានរមណីដ្ឋានជាច្រើនទៀត ដែលបានរាក់ទាក់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកកំសាន្តយ៉ាងច្រើនកុះករ ផងដែរ៕
ដោយ៖ សូរិយា