អគ្គនាយកអង្គការសុខភាពពិភពលោក WHO បានប្រកាសថា ចំនួនអ្នកឆ្លងកូវីដ-១៩នៅទូទាំងពិភពលោក ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ខែកុម្ភៈ គឺថយចុះដល់ទៅ១៦ភាគរយ នៅសល់តែ ២,៧ លាននាក់ប៉ុណ្ណោះ ។ ចំណែកចំនួនអ្នកស្លាប់ដោយកូវីដ -១៩ ក៏បានថយចុះ១០%ផងដែរ នៅសល់តែ៨១ពាន់នាក់ប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ។
កាលពីយប់ថ្ងៃទី១៦ខែកុម្ភៈ WHO បានប្រកាសពីរបាយការណ៍កូវីដ -១៩ ប្រចាំសប្តាហ៍ ដោយមានការថយចុះ ដែលជារឿងរីករាយបំផុត សម្រាប់ពលរដ្ឋនៅជុំវិញពិភពលោក។ ជាក់ស្តែង ក្នុងតំបន់ទាំង៥ក្នុងចំណោម៦ ដែលWHO តាមដាន មានចំនួនអ្នកឆ្លងថ្មីថយចុះដល់ទៅ២ខ្ទង់លេខ ។ ចំណែកនៅតំបន់ភាគខាងកើតដែនសមុទ្រមេឌីទែរ៉ាណេ មានចំនួនអ្នកឆ្លងកើនឡើង៧%។
ជាក់ស្តែងនៅក្នុងតំបន់អាហ្វ្រិក និង ភាគខាងលិចប៉ាស៊ីហ្វិក មានចំនួនអ្នកឆ្លងកូវីដ-១៩ ថយចុះ ២០ភាគរយ ។ នៅតំបន់អឺរ៉ុប ថយចុះ ១៨% នៅតំបន់អាមេរិកថយចុះ ១៦ភាគរយ និងនៅតំបន់អាស៊ី ខាងកើតនិងខាងត្បូង ថយចុះ ១៣%។ នោះជាដំណឹងគួរឲ្យរីករាយបំផុតសម្រាប់ពលរដ្ឋទាំងអសនៅលើពិភពលោកដែលអាចរួចផុតពីជំងឺនេះបានឆាប់បំផុត។
អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesusបានបញ្ជាក់ថា ចំនួនអ្នកឆ្លងនៅទូទាំងពិភពលោក គឺបានថយចុះដល់ទៅជាងពាក់កណ្តាល ដោយនៅក្នុងសប្តាហ៍ទី៤ខែមករាមានករណីឆ្លងដល់ទៅជាង៥លាននាក់ ហើយពេលនេះសល់តែជាង២លាននាក់ប៉ុណ្ណោះ ។ នៅសប្តាហ៍ខាងមុខនឹងមានចំនួនអ្នកឆ្លងថយចុះជាបន្តទៀត។ នេះជាសប្តាហ៍ទី៥ហើយ មានអ្នកឆ្លងកូវីដ-១៩ ថយចុះ។
ពាក់ព័ន្ធកូវីដ-១៩ទម្រង់ថ្មីដែលរកឃើញដំបូងគេនៅអង់គ្លេស ពេលនេះបានឆ្លងរាលដាលដល់ប្រទេសចំនួន៩៤ប្រទេសហើយ ជុំវិញពិភពលោក។
បច្ចុប្បន្ន មានប្រទេសចំនួន ៧១ហើយ បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បូកទាំងប្រទេសជប៉ុន ដែលទើបតែអនុម័តចាក់វ៉ាក់សាំង នៅថ្ងៃទី១៧ខែកុម្ភៈនេះ។ ចំនួនអ្នកចាក់វ៉ាក់សាំងបានច្រើន នឹងអាចគ្រប់គ្រងការឆ្លងរាលដាលបានយ៉ាងឆាប់បំផុត។
គិតមកដល់វេលាម៉ោង១៨និង ៣០នាទីថ្ងៃទី១៧ខែកុម្ភៈ ចំនួនអ្នកឆ្លងសរុបនៅលើពិភពលោក មានដល់ទៅ១១០.០៣៥.៧២៧នាក់និងស្លាប់ ២.៤២៩.៨២២នាក់។
តំបន់ដែលមានករណីឆ្លងច្រើនជាងគេ គឺ៖
១-អាមេរិកខាងជើងៈ៣២.៥០៩.៨៧៣នាក់ និងស្លាប់ ៧២១.៣៥២នាក់
២-អឺរ៉ុប: ៣២.៤៤៧.៨៧៧នាក់ និងស្លាប់៧៧៤.១០៤នាក់
៣-អាស៊ី: ២៤.១៦២.៧៣៨នាក់ និងស្លាប់ ៣៨៧.២៨១នាក់
៤-អាមេរិកខាងត្បូងៈ១៧.០៥៣.០៨៤នាក់ និងស្លាប់៤៤៤.៩៣៤នាក់
៥-អាហ្វ្រិក: ៣.៧៩៥,៩៨១ នាក់ និងស្លាប់ ៩៩.៥៤៥នាក់
៦-អូសេអានី: ៥០.៦៤០នាក់និងស្លាប់១.០៨៣នាក់
ចំណែកប្រទេសតំបន់អាស៊ានវិញ:
១- ឥណ្ឌូនេសុី: មានករណីឆ្លងសរុប ១.២៣៣.៩៥៩នាក់,ស្លាប់៣៣.៥៩៦នាក់
២-ហ្វុីលីពីន: ៥៥២.២៤៦ នាក់, ស្លាប់១១.៥២៤នាក់
៣-ម៉ាឡេសុី: ២៦៩.១៦៥នាក់ ស្លាប់៩៨៣នាក់
៤-មីយ៉ាន់ម៉ាៈ ១៤១.៦៥៩នាក់, ស្លាប់ ៣.១៩២នាក់
៥-សិង្ហបុរី: ៥៩.៨១០នាក់, ស្លាប់ ២៩នាក់
៦-ថៃ: ២៤.៧៨៦នាក់, ស្លាប់៨២ នាក់
៧-វៀតណាម: ២.៣១១នាក់ ស្លាប់ ៣៥នាក់
៨-កម្ពុជា: ៤៧៩នាក់
៩-ប៊្រុយណេ: ១៨៤នាក់និងស្លាប់ ៣នាក់
១០- ឡាវ: ៤៥នាក់៕ ដោយ សាធី
រូបភាព៖ Getty Images