ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យចំនួន០២នាក់ ក្នុងនោះមានស្រី្ត០១នាក់ត្រូវកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃ
ទី១៨ខែកុម្ភៈឆ្នាំ២០២១នេះ។
ជនសង្ស័យមានឈ្មោះ វឹង វាសនាហៅង៉ោល ភេទប្រុសអាយុ៤៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហ៊ូន ពៅ ភេទស្រីអាយុ៤៣ឆ្នាំ។ ជនទាំង០២នាក់នេះជាបណ្តាញមេខ្យល់របស់ស្រ្តីម្នាក់ទៀតឈ្មោះចែ ណយ ។
លោកស្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនពលករខ្មែរចំនួន០៥នាក់ មកពីភូមិប្រកនាគ ឃុំ ចើងដឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ រួចមក សមត្ថកិច្ចបានយកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកថ្មពួក ។ក្នុងករណីនេះគឺកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាជាបណ្តាញនាំមនុស្សឆ្លងដែនពីខ្មែរទៅថៃ ដែលមានមេខ្យល់ឈ្មោះចែណយ កំពុងនៅប្រទេសថៃជាមេខ្លោង ។ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ វឹង វាសនាហៅង៉ោល ភេទប្រុសអាយុ៤៨ឆ្នាំ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក មុខរបរជាអ្នក់រត់តាក់ស៊ីស្វាយស៊ីសុផុនទៅបឹងត្រកួន និងឈ្មោះ ហ៊ូន ពៅ ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិកៀនកេះ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងជាអ្នករត់តាក់ស៊ី បាត់ដំបងមកស្វាយ។ ជនសង្ស័យទាំង០២នាក់ ពាក់ព័ន្ធក្នុងការដឹកជញ្ជូនពលករយកទៅឲ្យឈ្មោះចែ ណយ ជាមេខ្យល់ នៅចំណុចបឹងត្រកួន ដើម្បីធ្វើដំណើរដោយខុសច្បាប់ទៅប្រទេសថៃ ។នេះបើយោងតាមការបំភ្លឺរបស់ពលករជាជនរងគ្រោះទាំង០៥នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ ។
លោកស្រី ស្នងការរង បានបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមស្រាវជ្រាវដើម្បីវែករកមុខមេខ្យល់និងបក្ខពួកបន្ថែមទៀតដើម្បីចាត់ការតាមផ្លូវច្បាប់៕