ភ្នំពេញ៖ អត្ថបទកំណាព្យអក្សរសិល្ប៍ខ្មែរដ៏មានប្រជាប្រិយគឺរឿង”មរណៈមាតា” ត្រូវបានផលិតកម្មភូមិពេជ្រភាពយន្ត យកមកផលិតជាភាពយន្តភាគខ្នាតវែងជាលើកដំបូងដែលស្ថិតក្រោមការចាយទុនជិត៣០ម៉ឺនដុល្លារអាមេរិក។ វានឹងក្លាយជាភាពយន្តដែលមានគុណភាពប្រកួតប្រជែងមួយក្រោមការផលិតដោយសម្រិតសម្រាំង និងយកចិត្តទុកដាក់អមដោយការចាយទុនខ្ពស់ផងនោះ។
កម្មវីធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១នេះនៅទូរទស្សន៍PNNដែលជាកម្មវិធីក្រុងពាលីទ្រង់ទ្រាយធំមិនធ្លាប់មានមួយត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេងដោយមានតារាសម្តែងរាប់សិបនាក់ក្នុងភាពយន្តតែងខ្លួនក្នុងសម្លៀកបំពាក់ប្រណីតបុរាណខ្មែរ អមដោយការដង្ហែរក្បួនដោយសត្វដំរី ដែលនេះគឺជាការដកស្រងចេញពីក្នុងឈុតឆាកមួយនៃភាពយន្តខាងលើ។
កញ្ញា ចែឡេង ដែលជាតួងឯកស្រីក្នុងភាពយន្តនេះលើកឡើង ថា ជាអារម្មណ៍ថ្មីប្លែក ខណៈដែលភាពយន្តនេះនាងសម្តែងជាតួអង្គ២ផ្សេងគ្នា កាចមួយ និងស្លូតមួយ ហើយនាងរំពឹងខ្លាំងក្រោយការផលិតចប់ និងដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNNនៅពេលដ៏ខ្លីខាងមុខ។ នាងក៏ចាត់ទុកថាជារសជាតិថ្មីសម្រាបប់ការបង្ហាញទៅកាន់អ្នកគាំទ្រនាងផងដែរ។
រីឯតួឯកប្រុសក្នុងភាពយន្តនេះគឺលោក ប្រុស ខួច បានបញ្ជាក់ថា ជាភាពយន្តលើកដំបូងដែលលោកចូលរួមសម្តែងក្នុងភាពយន្តភាគ និងជាអ្វីដែលអ្នកគាំទ្រលោកចង់ឲ្យលោកលោកល្បងក្នុងការសម្តែង។ លោកថាទោះបីជាភាសានៃការប្រើប្រាស់ក្នុងភាពយន្តនេះមានពាក្យរាជស័ព្ទច្រើមមិនធ្លាប់ជួប ប៉ុន្តែក្រោយពីការថតក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកហើយនេះគឺមិនចោទជាបញ្ហាឡើយ។ លោកថាជាភាពយន្តពិសេសដែលនាំឲ្យអារម្មណ៍លោករំភើបខ្លាំងមិនធ្លាប់ជួប ខណៈដែលផលិតរ និងសិល្បករបានរួមគ្នាយ៉ាងល្អក្នុងការផលិតដែលលោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
គួរបញ្ជាក់ដែរថា «មរណៈមាតា» ជាអក្សរសិល្ប៍ខ្មែរដែលតែតាក់តែងជាអត្ថបទកាព្យ ដោយកវីអ៊ុក នៅឆ្នាំ១៨៧៧ ដោយបានទាញចេញពីគម្ពីរភាសាបាលី ។ មរណៈមាតា ជារឿងកម្សត់បត់បែនច្រើនវគ្គ និងមានប្រជាប្រិយភាពយ៉ាងខ្លាំង រហូតមកដល់បច្ចុប្បន្ន និងជាប្រភេទរឿងដែលបានធ្វើឱ្យប្រជាជនខ្មែរខ្លះមិនហ៊ានបរិភោគសាច់ត្រីដំរី នោះ។ ដំណើររឿងនឹងរៀបរាប់អំពីខ្សែជីវិតរបស់នាងមរណៈមាតា បង្កប់ដោយខ្លឹមសារសំខាន់អំពីការផិតក្បត់ប្រពន្ធ បណ្តាលឲ្យគ្រួសារវិនាស កូនៗរងទុក្ខវេទនា, ភាពមិនរឹងមាំរបស់មេគ្រួសារ, ការឈ្នានីសលើកូនដើមពីសំណាក់ម្តាយ និងកូនចុង ,សកម្មភាពតស៊ូរបស់នាងកុមារីដែលស្លាប់ម្តាយ ហើយឪពុកជឿលើសំដីប្រពន្ធចុង នោះជាដើម៕