ស្ថានភាពនៅមីយ៉ាន់ម៉ា​ចាប់ផ្តើមអាក្រក់ទៅៗ ខណៈមានបាតុករម្នាក់ត្រូវទាហាន បាញ់សម្លាប់​​

ចែករំលែក៖

មានករណីស្លាប់ដោយសារតែត្រូវគ្រាប់កាំភ្លើង របស់កម្លាំងទាហានមីយ៉ាន់ម៉ា​ ចាប់តាំងពី ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលជាច្រើនថ្ងៃកន្លងមក​។ អ្នកស្លាប់មានឈ្មោះថា Mya Thwate Thwate Khaing អាយុ​២០ ឆ្នាំ ត្រូវទាហានបាញ់ចំក្បាលកាលពីដើមសប្តាហ៍ ពេលចូលរួមធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារ​។ នាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែនៅថ្ងៃទី ១៩ខែកុម្ភៈ គ្រួសារស្ត្រីខាងលើ បានបញ្ជាក់ថា នាងបានស្លាប់ហើយ។
លោកYe Htut Aungបងប្រុស របស់ស្ត្រីរងគ្រោះ បាននិយាយតាមទូរស័ព្ទ ថា​« ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ដែលបាត់បង់ប្អូនស្រី ខ្ញុំគ្មានអ្វីដែលត្រូវនិយាយទៀតឡើយ»។ គ្រូពេទ្យម្នាក់ បានឲ្យដឹងថា នាង ស្លាប់នៅវេលាម៉ោង​១១ ព្រឹក ប៉ុន្តែលោក មិនបានបញ្ជាក់ឈ្មោះ​ជនរងគ្រោះនោះឡើយ។
នាង Mya Thwate Thwate Khaing ត្រូវបញ្ជូនទៅមន្ទីរពេទ្យ នាថ្ងៃទី​៩ខែកុម្ភៈ ដោយត្រូវគ្រាប់កាំភ្លើងចំក្បាល​។ គ្រូពេទ្យបញ្ជាក់ថា ការបាញ់នោះគឺជាគ្រាប់កាំភ្លើងពិត មិនមែន គ្រាប់កំាភ្លើងជ័រឡើយ។
នៅពេលនេះ កម្លាំងទាហាន មីយ៉ាន់ម៉ា មិនទាន់បញ្ជាក់ពីករណីមានបាតុករម្នាក់ស្លាប់ដោយត្រូវគ្រាប់កាំភ្លើងនោះឡើយ ។ ប៉ុន្តែកន្លងមក កម្លាំងទាហាន បានបញ្ជាក់ថា នាងKhaing ត្រូវរងការបាញ់ប្រហារ ប៉ុន្តែ ក្រុមជំនាញកំពុងតែស្រាវជ្រាវ។
ការស្លាប់របស់ស្ត្រីវ័យក្មេង អាចនឹងក្លាយជាចំណុចចាប់ផ្តើមនៃការបង្កើនកំដៅធ្វើបាតុកម្មប្រឆាំង​យោធាមីយ៉ាន់ម៉ា ។ ស្ថានភាព កាន់តែអាក្រក់ខណៈការធ្វើបាតុកម្ម កើនឡើងមិនខ្វល់ពីការព្រមានពី កម្លាំងទាហាន មីយ៉ាន់ម៉ា៕

ដោយ៖ធីរីណា

...


រូបតំណាង៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print