ខេត្តបន្ទាយមានជ័យៈ អគ្គិភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ខ្នង នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
តាមការអះអាងពីម្ចាស់ផ្ទះ ឈ្មោះ នូ រ៉ាវី ភេទប្រុស អាយុ៥៣ឆ្នាំ បានឱ្យដឹងថា ផ្ទះរបស់គាត់ដែលរងការឆេះនេះមានទំហំ ៤គុណ៨ម៉ែត្រ ធ្វើអំពីថ្ម ដំបូលប្រក់សង្ក័សី។
ម្ចាស់ផ្ទះរងគ្រោះខាងលើបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុ គាត់និងប្រពន្ធ បានដេកនៅក្នុងបន្ទប់ជាន់ខាងក្រោម បានឃើញអណ្តាតភ្លើងឆេះចេញពីបារ៉ែតភ្លើងដែលតបណ្តាញអគ្គិសនីនៅក្នុងផ្ទះ ពេលនោះរូបគាត់បានព្យាយមទាញទុយយោទឹកបាញ់ពន្លត់ដែរ តែមិនរលត់ ក៏បានរត់ចេញក្រៅហៅអ្នកជិតខាងឲ្យមកជួយពន្លត់ និងបានរាយការណ៍ទៅសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥ឡាន។
ចំពោះសម្ភារដែលរងការខូចខាតដោយអគ្គិភ័យរួមមាន៖ ទូរទស្សន៍១គ្រឿង, ទូរស័ព្ទចំនួន៤គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត ។ ផ្ទះនេះរងការខូចខាត៤០% គិតជាទំហំទឹកប្រាក់ប្រមាណ២០០០ដុល្លារ។
ដោយឡែកផ្ទះមួយខ្នងទៀតធ្វើពីឈើប្រក់សង្ក័សី ទំហំ៣,៥ម៉ែត្រគុណ២០ម៉ែត្រ បានឆេះអស់មួយកំណាត់ក្រោយ ។ ម្ចាស់មានឈ្មោះ សៅ លីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ។ ចំពោះសម្ភាររងការខូចខាតរួមមាន ម៉ូតូចាស់ៗ២គ្រឿង , ឆេះម៉ាស៊ីនម៉ូតូ ១គ្រឿង ,កុំព្យូទ័រ ២គ្រឿង , ម៉ាស៊ីនបញ្ចូលអាគុយ១គ្រឿង , ទូរស័ព្ទ១គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត គិតជាទឹកប្រាក់ប្រមាណ១០០០ដុល្លារ។
យោងតាមការអះអាងពីម្ចាស់ផ្ទះកើតហេតុសមត្ថកិច្ចបានសន្និដ្ឋាន ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
វណ្ណា