ពិភពលោកបារម្ភយ៉ាងខ្លាំងពីការធ្វើបាតុកម្ម និងការបង្ក្រាបដោយហិង្សាពីកម្លាំងទាហានមីយ៉ាន់ម៉ា

ចែករំលែក៖

ការធ្វើបាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែខ្លាំងឡើង ដោយមានការចូលរួមពីពលរដ្ឋគ្រប់ជាន់ថ្នាក់ ពិសេសគឺក្រុមតារាល្បីៗប្រចាំប្រទេសមីយ៉ាន់ម៉ា បានចូលរួមធ្វើបាតុកម្មប្រឆាំងការដឹកនាំដោយយោធា ។

នៅពេលនេះកម្លាំងយោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនតារាសម្តែងដ៏ល្បីប្រចាំប្រទេសនេះដែលបានចូលរួមធ្វើបាតុកម្ម។ តារាសម្តែង Lu Min គឺជាមនុស្សម្នាក់ ក្នុងចំណោមតារា៦នាក់ដែលទាហានចាប់ខ្លួន ដោយរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបាតុកម្មកើនឡើងកាន់តែខ្លាំង។ ការចោទប្រកាន់ខាងលើអាចធ្វើឲ្យតារាសម្តែងត្រូវជាប់គុក២ឆ្នាំ។
គិតមកទល់ថ្ងៃទី២០ខែកុម្ភៈមានបាតុករដល់ទៅ៥៦៩នាក់ត្រូវកម្លាំងយោធាចាប់ខ្លួន គិតចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ បច្ចុប្បន្ន មាន៤ប្រទេសបានដាក់ទណ្ឌកម្មទៅលើថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ដែលមានអាមេរិក អង់គ្លេស កាណាដា នូវែលហ្សេឡង់។
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres នាថ្ងៃអាទិត្យនេះ បានធ្វើការថ្កោលទោសស្ថានការណ៍ដែលហាក់កាន់តែយ៉ាប់យ៉ឺននៅមីយ៉ាន់ម៉ា ដោយកងកម្លាំងសន្តិសុខបានប្រើគ្រាប់កាំភ្លើងពិតបាញ់ទៅលើក្រុមបាតុករ ដែលនៅតែបន្តសកម្មភាពតវ៉ាប្រឆាំងរដ្ឋប្រហារយោធាថ្ងៃទី០១ ខែកុម្ភៈ និងបានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់។
លោក Guterres បានបង្ហោះសារលើបណ្តាញ Twitter ថា ការប្រើប្រាស់មធ្យោបាយដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ប្រឆាំងលើក្រុមបាតុករដែលធ្វើសកម្មភាពតវ៉ាដោយសន្តិវិធី គឺជាទង្វើមិនអាចទទួលយកបានឡើយ ហើយលោកបានបន្តទទូចឲ្យគ្រប់ភាគីគោរពលទ្ធផលនៃការបោះឆ្នោតសកលរបស់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយនាំប្រទេសអាស៊ានមួយនេះត្រឡប់ទៅរករបបដឹកនាំស៉ីវិលវិញ។
ការបាញ់ប្រហារខាងលើបានកើតឡើង នៅទីក្រុង Mandalay ដែលជាទីក្រុងធំជាងគេលំដាប់ទី២របស់មីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍ម្សិលមិញ។ ក្រៅពីមនុស្ស២នាក់ស្លាប់ ក៏មានបាតុករប្រហែល២០នាក់ទៀតរងរបួសផងដែរ៕ ដោយ៖សាធី

...


រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print