ក្រុមបិសាចក្រហម Manchester United និងក្រុមមេឃខៀវ Manchester City ទទួលបានជ័យជម្នះរៀងៗខ្លួន ខណៈដែលក្រុមមាន់ខ្នាយមាស Tottenham បន្តបរាជ័យក្រៅទឹកដី២ប្រកួតផ្ទួនៗគ្នានៅលីគកំពូលអង់គ្លេស។
ក្រុមបិសាចក្រហម Man United បានយកឈ្នះក្រុមភ្ញៀវ Newcastle United ក្នុងលទ្ធផល៣ទល់១។ ការប្រកួតដំបូងខ្សែប្រយុទ្ធ Rashford រកបាន១គ្រាប់នាំមុខក្រុមភ្ញៀវនៅនាទីទី៣០ ប៉ុន្តែនៅនាទីទី៣៦ កីឡាករ Saint-Maximin របស់ក្រុម Newcastle រកបាន១គ្រាប់សងវិញ រហូតដល់ចប់តង់ទី១ លទ្ធផល១ទល់១។
ចូលដល់ការប្រកួតតង់ទី២ ក្រុមបិសាចក្រហមនៅតែមានឱកាសសម្រុកទៅលើក្រុមភ្ញៀវ ហើយនៅនាទីទី៥៧ កីឡាករខ្សែប្រយុទ្ធស្លាប Jamesរកបាន១គ្រាប់នាំមុខ និងនាទីទី៧៥ កីឡាកររបស់ក្រុម Newcastle បានទាក់ជើងកីឡាករក្រុមបិសាចក្រហមដួលក្នុងប្រអប់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យប៉េណាល់ទី ដែលស៊ុតដោយខ្សែបម្រើ Bruno Fernandes ធ្វើឲ្យចប់ការប្រកួតក្រុមបិសាចក្រហមយកឈ្នះ Newcastle ៣ទល់១។
លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមទទួលបាន៣ពិន្ទុបន្តឈរលេខ២បណ្តោះអាសន្នមាន៤៩ចាញ់ក្រុមលេខ១ Man City រហូតដល់១០ពិន្ទុ និងមានពិន្ទុស្មើជាមួយក្រុមលេខ៣ Leicester City ៤៩ពិន្ទុដូចគ្នា គ្រាន់តែបិសាចក្រហមមានគ្រាប់បាល់ចំណេញច្រើនជាង។
ចំណែកក្រុម Man City ទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Arsenal ក្នុងលទ្ធផល១ទល់០ ដែល១គ្រាប់របស់ Man City រកបានដោយកីឡាករ Sterling នៅនាទីទី២ ។ ជ័យជម្នះនេះធ្វើឲ្យក្រុម Man City នៅតែបន្តកាន់កាប់កំពូលតារាងដដែលដែលមានឱកាសច្រើនក្នុងការប្រជែងពាននៅរដូវកាលនេះ។
ដោយឡែកក្រុមមាន់ខ្នាយមាស Tottenham បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ West Ham ក្នុងលទ្ធផល២ទល់១ ដែលធ្វើឲ្យក្រុមនេះបរាជ័យ២ប្រកួតជាប់គ្នាក្នុងក្របខ័ណ្ឌ Premier League នៅក្រៅទឹកដី។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ West Ham រកបានដោយកីឡាករ Antonioនៅនាទីទី៥ និងគ្រាប់ទៀតគឺរកបានដោយ Lingard នៅនាទីទី៤៧ ដែលជាកីឡាករចំណូលថ្មីទិញមកពីក្រុមបិសាចក្រហម ។ ចំណែក១គ្រាប់របស់ក្រុមភ្ញៀវ Tottenham រកបានដោយកីឡាករ Lucas Moura នៅនាទីទី៦៤។
បរាជ័យនេះធ្វើឲ្យក្រុមមាន់ខ្នាយមាស Tottenham ធ្លាក់មកឈរចំណាត់ថ្នាក់លេខ៩ មាន៣៦ពិន្ទុ ក្នុង២៤ប្រកួត ខណៈក្រុម West Ham បន្តឈរលេខ៤ មាន៤៥ពិន្ទុ ក្នុង២៥ប្រកួត។ ការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់សប្តាហ៍ទី២៦ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈបន្តទៀត ៕ដោយ៖ភារៈ