ខេត្តបាត់ដំបង ៖ ជនសង្ស័យ ៥នាក់បានចូលលួចកាត់ឈើធ្នង់របស់អ្នកភូមិខុសច្បាប់ តែក្រោយមកត្រូវបានកម្លាំងនគរបាលស្រុកបាណន់ឃាត់ខ្លួនបានកាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោ៨យប់ស្ថិតនៅចំណុចដំណាក់ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ រួចបានកសាងសណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២២ ខែ កុម្ភ: នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន ៖ ១.ឈ្មោះ វិន ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ, ២.ឈ្មោះ ប្រុស មករា ភេទប្រុស អាយុ២៦ឆ្នាំ, ៣.ឈ្មោះ ត្រួយ រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ, ៤.ឈ្មោះ រ៉ម បូរ៉ី ភេទប្រុស អាយុ២២ឆ្នាំ និង៥.ឈ្មោះ សុទ្ធ ពិសី ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំង៥មានទីលំនៅភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ ។ ជនសង្ស័យ ទាំង៥នាក់ខាងលើ បានរួមគ្នាប្រើប្រាស់រណាយន្ត ១គ្រឿង លួចកាត់ដើមឈើធ្នង់ចំនួន២ដើម របស់ឈ្មោះ ភន សុខន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពដដែលបានឲ្យដឹងទៀតថាដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុក ធ្វើការឃាត់ខ្លួនជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសលួចកាត់ឈើខុសច្បាប់ខាងលើ ព្រមទាំងរឹបអូសវត្ថុតាងរណាយន្ត ១គ្រឿងផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់រួចហើយ ៕
ដោយ÷ប្រាថ្នា