ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់បាន
ស្លាប់ភ្លាមៗនឹងកន្លែងបន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងបើកបញ្ច្រាសទិសគ្នាជាន់ហ្វ្រាំងមិនទាន់ ក៏បុកយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ រាយការណ៍មកសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ១៣៣និង១៣៤ ស្ថិតក្នុងភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាស្ត្រីខាងលើមានឈ្មោះអិន សារ៉ួន អាយុ៦២ឆ្នាំ មុខរបរកសិករសញ្ជាតិខ្មែរ ជនជាតិខ្មែរ រស់នៅភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង
ជិះម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H-៨៤០៧ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះអេង ពៅ អាយុ៤៩ឆ្នាំ មុខរបរបើកបររថយន្ត សញ្ជាតិខ្មែរ ជនជាតិខ្មែរ រស់នៅភូមិព្រៃទំពួង ឃុំពើក ស្រុក អង្គស្នួល ខេត្តកណ្តាល ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលផងដែរ។
បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានស្ត្រីចំណាស់ម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H-៨៤០៧លើផ្លូវជាតិលេខ០១ក្នុងទិសដៅពីលិចទៅកើត ខណៈនោះក៏បានបត់ឆ្វេងខ្វះប្រុងប្រយ័ត្នស្រាប់តែមានរថយន្ត មួយគ្រឿងម៉ាកHYUNDAI LIBERO ពណ៌ខៀវចាស់ ស្លាកលេខ ភ្នំពេញ ២AL ៧៦៤១ជាន់ហ្វ្រាំងមិនទាន់ក៏ បុកចំពីមុខ ក្នុងទិសដៅផ្ទុយគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ រាយការណ៍មកសមត្ថកិច្ចតែម្ដង។
ក្រោយមកសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯអ្នកបើកបររថយន្តបានឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីកសាងសំនុំរឿងតាមនីតិវិធី៕
ដោយ៖ យឹម សុថាន