មានរឿងបរទេសមួយតំណាលថា នៅសម័យមួយ មានតាចាស់ម្នាក់រស់នៅ ក្នុងខេត្តយូណានប្រទេសចិន ។ គាត់បានចិញ្ចឹមស្វាមួយហ្វូង ដើម្បីប្រើពួកវា ឲ្យរកបេះផ្លែឈើ ក្នុងព្រៃឲ្យគាត់ ។ រៀងរាល់ព្រឹក តាចាស់បានហៅស្វាទាំងអស់
មកប្រជុំគ្នានៅមុខផ្ទះ និងចាត់ឲ្យស្វា ដែលមានអាយុច្រើនជាងគេ ដឹកនាំស្វាទាំងអស់ ចូលក្នុងព្រៃ ដើម្បីបេះផ្លែឈើ ។ តាចាស់ បានដាក់កំណត់ថា៖ ក្នុង
ចំនួនផ្លែឈើដប់ ដែលស្វានិមួយៗបេះបាន ត្រូវយកផ្លែឈើមួយមកឲ្យគាត់ ។ បើស្វាណាមួយមិនធ្វើ តាមការកំណត់ នោះទេ តាចាស់នឹងដាក់ទណ្ឌកម្ម ដោយវាយស្វានោះជាច្រើនរំពាត់ ។ ដោយមូលហេតុនោះ ពួកស្វាទាំងអស់ ត្រូវរងទុក្ខទណ្ឌ ជាទម្ងន់ ។ ណាមួយត្រូវនឿយហត់ ក្នុងការស្វែងរកផ្លែឈើ ណាមួយទៀត ត្រូវតាចាស់វាយ នៅពេលដែលរកផ្លែឈើ ឲ្យគាត់មិនបាន ។
ថ្ងៃមួយ មានស្វាតូចមួយសួរទៅស្វាដទៃទៀតថា៖ “តើតាចាស់ជាអ្នកដាំដើមឈើ នៅក្នុងព្រៃ ដែលយើងទៅរកបេះផ្លែ រាល់ថ្ងៃនោះឬ?”។ ស្វាដទៃទៀតឆ្លើយថា៖ “ទេ! ដើមឈើទាំងនោះ បានដុះឡើងដោយឯកឯង” ។ ស្វាតូចក៏សួរទៀតថា៖ “តើយើងអាចទៅបេះផ្លែឈើទាំងនោះ ដោយមិនចាំបាច់សុំ ការអនុញ្ញាត ពីតាចាស់ បានដែរឬទេ?” ។ ស្វាដទៃឆ្លើយព្រមគ្នាថា៖ “បាន!” ។ “បើអ៊ីចឹង” ស្វាតូចនិយាយបន្ត
“ហេតុអ្វីក៏យើង មិនទៅបេះផ្លែឈើទាំងនោះ ដោយខ្លួនឯង? តើយើងចាំបាច់ ត្រូវតែនៅធ្វើបម្រើ តាចាស់នោះធ្វើអី?” ។ ស្វាតូចនិយាយប្រយោគចុងក្រោយ មិនទាន់ចប់ស្រួលបួលផង ស្វាទាំងអស់ក៏នាំគ្នារត់ចូលព្រៃបាត់អស់ទៅ ។ យប់នោះ នៅពេលតាចាស់កំពុងដេកលក់ ពួកស្វាបាននាំគ្នាចូលមកកាច់បំបាក់ទ្រុង ដែលតាចាស់ធ្វើសម្រាប់ឃុំឃាំងពួកវា ព្រមទាំងជញ្ជូនយកផ្លែឈើ ដែលតាចាស់រឹបអូសយកពីពួកវាទាំងប៉ុន្មាន ចូលទៅក្នុងព្រៃអស់ទៅ ។ បន្ទាប់ពីពួកស្វាចាកចោលគាត់ទៅ តាចាស់ក៏លែងមានផ្លែឈើបរិភោគ ហើយនៅទីបំផុត គាត់ក៏បានស្លាប់ដោយការស្រេកឃ្លាន ៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷
ចៅតាជេត