លោក David Beckham កំពុងដឹកនាំក្រុមរបស់គាត់ Inter Miami ចូលរដូវកាលទី២នៅលីកកំពូលអាមេរិក MLS។ បន្ទាប់ពីបាននាំយកកីឡាករកំពូលៗមួយចំនួនដូចជា Gonzalo Higuain និងកីឡាករ BlaiseMatuidi ដែលអតីតតារាបាល់ទាត់អង់គ្លេសរូបនេះកំពុងព្យាយាមពង្រឹងដល់ក្លិបរបស់លោកបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។
លោក David Beckham បាននិយាយថា “ខ្ញុំបាននិយាយពីថ្ងៃមួយថាប្រព័ន្ធសិក្សារបស់យើងគឺជាផ្នែកដ៏ធំមួយនៃក្លិបនេះ ហើយប្រសិនបើយើងអាចនាំកីឡាករឆ្នើមៗមកកាន់ទីនេះបាន វាគឺជាដកដង្ហើមរបស់ក្លិបInter Miami។ ប៉ុន្តែយើងក៏ដឹងដែរថា អ្នកគាំទ្រក្លិបយើងចង់ឃើញតារាបាល់ទាត់ឆ្នើមៗផ្សេងទៀតមកកាន់ទីនេះ”។
លោកបន្តថា “យើងមានកីឡាករដូចជា Gonzalo Higuain និង Blaise Matuidi ដែលបន្ថែមភាពអស្ចារ្យ ប៉ុន្តែយើងឆ្ពោះទៅមុខទៀត! យើងចង់មានឱកាសនាំយកកីឡាករល្បីៗមកជាមួយ។ ខ្ញុំក៏នៅតែរំពឹងពីការមកដល់របស់ Lionel Messi និង Cristiano Ronaldo ។ ជាការពិតយើងតែងតែចង់នាំយកកីឡាករឆ្នើមៗរូបនេះណាស់។ ក្រុម Inter Miami គឺជាការទាក់ទាញដ៏អស្ចារ្យសម្រាប់នរណាម្នាក់ ហើយកីឡាករប្រភេទនេះ (Messi និង Ronaldo) គឺជាអ្នកដែលយើងចង់នាំយកមកទីនេះ” ។
សូមបញ្ជាក់ថា ក្លិប Inter Miami បង្កើតឡើងកាលពីឆ្នាំ២០១៨ ស្ថិតក្នុងលីកកំពូលបាល់ទាត់សហរដ្ឋអាមេរិក MSL ដែលម្ចាស់ក្លិបផ្ទាល់គឺលោក David Beckham ជាអតីតកីឡាករបាល់ទាត់ឆ្នើមមួយរូបនៅអង់គ្លេសដែលធ្លាប់លេងឲ្យក្លិបល្បីៗនៅតំបន់អឺរ៉ុប ៕ដោយ៖ភារៈ