នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson មានប្រសាសន៍ថា វាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ចក្រភពអង់គ្លេស និងអៀរឡង់ដើម្បីចាប់ផ្តើមការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ (World Cup 2030) ខណៈដែលប្រទេសនេះក៏នឹងមានឆន្ទៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតយូរ៉ូ២០២០បន្ថែមទៀតនៅឆ្នាំនេះប្រសិនបើអាចទាមទារបាន។
លោកនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ ដែល CNA យកមកផ្សាយកាលពីរសៀលថ្ងៃទី២ មីនាថា “យើងពិតជាចង់នាំយកការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០មកអង់គ្លេសណាស់។
ខ្ញុំគិតថាវាជាកន្លែងដែលត្រឹមត្រូវ វាជាទឹកដីបាល់ទាត់ ហើយដល់ពេលត្រូវស្នើសុំហើយ វាពិតជារឿងដ៏អស្ចារ្យសម្រាប់ប្រទេសនេះ”។
កាសែត The Sun បានរាយការណ៍ថា រដ្ឋមន្ត្រីកីឡាអង់គ្លេស Rishi Sunak នឹងកំណត់ថវិកាចំនួន២,៨ លានផោន (៣,៩លានដុល្លារអាមេរិក) នៅក្នុងថវិកាទាំងអស់ដើម្បីលើកកម្ពស់ការដេញថ្លៃសម្រាប់ការប្រកួតបាល់ទាត់ពិភពលោករួមជាមួយថវិកាចំនួន២៥លានផោនសម្រាប់កម្មវិធីប្រកួតនៅតាមមូលដ្ឋាន។
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលកើតឡើងរៀងរាល់៤ឆ្នាំម្តងត្រូវបានធ្វើឡើងតែម្តងគត់នៅ អង់គ្លេសមុនពេលដែលអង់គ្លេសឈ្នះនៅលើទឹកដីកំណើតកាលពីឆ្នាំ១៩៦៦ ។
លោក Boris Johnson ក៏បានទុកទ្វារចំហឱ្យចក្រភពអង់គ្លេសធ្វើជាម្ចាស់ផ្ទះការប្រកួតយូរ៉ូ២០២០ បន្ថែមទៀតបន្ទាប់ពីរដ្ឋាភិបាលកាលពីសប្តាហ៍មុនបានបង្ហាញផែនការដើម្បីបញ្ចប់ការរឹតត្បិតទាំងអស់លើទំនាក់ទំនងសង្គមនៅក្នុងប្រទេសអង់គ្លេសនៅត្រឹមថ្ងៃទី២១ មិថុនា។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “យើងកំពុងធ្វើជាម្ចាស់ផ្ទះយូរ៉ូ។ យើងនឹងរៀបចំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ប្រសិនបើពួកគេចង់បានការប្រកួតផ្សេងទៀតដែលពួកគេចង់ធ្វើជាម្ចាស់ផ្ទះនោះ យើងប្រាកដជានឹងធ្វើបាន ប៉ុន្តែនៅពេលនោះយើងនៅជាមួយ UEFA ។
ការប្រកួតពានរង្វាន់ យូរ៉ូ២០២០ ត្រូវបានពន្យារពេលមួយឆ្នាំដោយសារការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ហើយឥឡូវនេះគ្រោងនឹងធ្វើឡើងនៅទូទាំងទីក្រុងម្ចាស់ផ្ទះចំនួន១២ផ្សេងគ្នាចាប់ពីថ្ងៃទី ១១ មិថុនាដល់ថ្ងៃទី១១ ខែកក្កដា។ទីក្រុងទាំងនោះរួមមានទីក្រុង Glasgow ដែលនឹងរៀបចំការប្រកួតចំនួន៣ក្រុម និងវគ្គ១៦ក្រុមចុងក្រោយ និងទីក្រុងឡុងដែលការប្រកួត៣ក្រុមមាន១ប្រកួតវគ្គ១៦ក្រុមចុងក្រោយបូកនឹងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងត្រូវរៀបចំឡើងនៅកីឡដ្ឋាន Wembley ។ ទីក្រុងធ្វើជាម្ចាស់ផ្ទះផ្សេងទៀតមាន Dublin, Bilbao, Amsterdam, Copenhagen, Munich, Rome, St Petersburg, Bucharest, Budapest និង Baku ។
ទីប្រឹក្សាវេជ្ជសាស្រ្តរបស់ UEFA លោក Daniel Koch បានប្រាប់រ៉យទ័រកាលពីសប្តាហ៍មុនថា គណៈគ្រប់គ្រងបាល់ទាត់អឺរ៉ុបនឹងធ្វើការសំរេចចិត្តនៅដើមខែមេសាស្តីពីភាពសមរម្យនៃទីកន្លែង និងសមត្ថភាពដែលបានគ្រោងទុក ហើយលោកនាយករដ្ឋមន្ត្រីអង់គ្លេសក៏បាននិយាយដែរថា ចក្រភពអង់គ្លេសត្រៀមខ្លួនទទួលយកការប្រកួតជាច្រើនទៀតប្រសិនបើត្រូវបានស្នើសុំពី UEFA ៕ដោយ៖ភារៈ