ភ្នំពេញ៖ ម៉ាសជាច្រើនម៉ឺនម៉ាស និងទឹកសម្លាប់ មេរោគជាច្រើនពាន់ដបតូចរបស់ក្រុម ហ៊ុនឯកជនមួយបានប្រគល់ជូនរដ្ឋបាលរាជ ធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
ពិធីប្រគល់និងទទួលអំណោយរបស់ក្រុមហ៊ុនឯកជនខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី០៣ខែមិនាឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលអំណោយទាំងនេះរួមមាន ម៉ាសចំនួន១០ម៉ឺនម៉ាសនិងទឹកសម្លាប់មេរោគចំនួន ២២៥០ដបតូច ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនអ អេស អិលនិងក្រុមហ៊ុនឯកជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។
នៅរសៀលថ្ងៃដដែលនោះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បាន ប្រគល់ម៉ាស៊ីនវាស់កំដៅ និងបាញ់អាកុលជូនទៅផ្សារទាំង២៥ នៅក្នុងរាជធានីភ្នំពេញផងដែរ ដោយក្នុងមួយផ្សារទទួលបានម៉ាស៊ីនវាស់កម្ដៅនិងបាញ់អាកុលចំនួន២គ្រឿងនិងបដាអប់រំចំនួន៤ផ្ទាំងដែលម៉ាស៊ីនវាស់កម្ដៅនិងបាញ់អាកុលជាមួយនឹងបដាអប់រំពាក់ព័ន្ធការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩នេះបានមកពីការជួយឧបត្ថមពីក្រុមហ៊ុនថ្នាំជក់ជប៉ុនអន្តរជាតិ JTI កម្ពុជា ដែលបានផ្តល់ជូនមករដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកមិញនេះ៕.
សំរិត