ឃាត់ខ្លួនជនសង្ស័យម្នាក់ពូកែប្រើល្បិចឆបោកយកទ្រព្យសម្បត្តិសង្សារទៅបញ្ចាំយកលុយលេងល្បែង

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ​ ឃាត់ខ្លួនកាលពីម៉ោង១៩និង០០នាទី​ ថ្ងៃទី៤ ខែមីនា​ ឆ្នាំ​២០២១​ នៅចំណុចផ្ទះលេខ១៤៤ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ​ ពាក់ព័ន្ធ​ករណី ឆបោកម៉ូតូ ។ 

​   ជនរងគ្រោះឈ្មោះ សាក សុខឡាង ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ ចំណែកជនសង្ស័យឈ្មោះ ឡន ឌេឌេ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថតរូប ស្នាក់នៅផ្ទះកើតហេតុ។

        លោកវរសេនីយ៍ឯក​ ម៉ៅ​ សឿត​ អធិការនគរបាលខណ្ឌច្បារអំពៅ​ បានឱ្យដឹងថា​៖ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល ១AI-៧៤០៥ ទៅលេងផ្ទះជនសង្ស័យត្រូវជាសង្សារនៅចំណុចកើតហេតុ រួចជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូជនរងគ្រោះប្រាប់ថាទៅយកខ្សែដៃនៅម្តុំផ្សារកណ្តាលមួយភ្លែត! ហើយជនសង្ស័យក៏ជិះម៉ូតូជនរងគ្រោះយកទៅបញ្ចាំបានលុយ ៩០០ដុល្លារ យកលុយទៅលេងល្បែងស៊ីសង និងស៊ីចាយអស់។ លុះមកដល់ថ្ងៃទី៤ ខែមីនា​ ឆ្នាំ​២០២១ វេលាម៉ោង១៨និង០០នាទី ជនរងគ្រោះ និងក្រុមគ្រួសារឃើញជនសង្ស័យនៅភូមិកើតហេតុ ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។

  កន្លងមកជនសង្ស័យធ្លាប់ប្រើល្បិចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះទៅបញ្ចាំគេចំនួន២ដង ៖

  លើកទី១ នៅថ្ងៃទី ១៣-០១-២០២១ យកទូរស័ព្ទដៃម៉ាក iPhone-១១ ពណ៌ស្វាយទៅបញ្ចាំបានលុយ ៤៥០ដុល្លារ ទៅលេងល្បែងស៊ីសង និងស៊ីចាយអស់។

 លើកទី២  ថ្ងៃទី ១៥-០១-២០២១ យកម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស រួមនឹងកាតគ្រីម៉ូតូទៅជាមួយផង មិនចាំស្លាកលេខ ទៅបញ្ចាំបានលុយ ១,៧០០ដុល្លារ ទៅលេងល្បែងស៊ីសង និងស៊ីចាយអស់​ ៕​

...

ដោយ៖សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print