បុរសម្នាក់បើកម៉ូតូខ្វះការប្រុងប្រយ័ត្នបុកគោយន្តកន្ត្រៃដឹកក្ដារបន្ទះស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង ខណៈបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នទៅបុកគោយន្តកន្ត្រៃដឹកក្ដារបន្ទះមួយគ្រឿងពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី៨ខែ
មិីនាឆ្នាំ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ១៣ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៨និង៤៩ ក្នុងភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះមុី ហ៊ា អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹង ឃុំត្រស់ ស្រុករមាសហែក ជិះម៉ូតូម៉ាកDH88  ពណ៌ក្រហម អត់ស្លាកលេខបានខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកគោយន្តកន្ត្រៃដឹកក្ដារបន្ទះមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះក្រោយកើតហេតុបានរត់គេចខ្លួន
បាត់ភ្លាមៗ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកDH៨៨  ពណ៌ក្រហម អត់ស្លាកលេខនៅលើផ្លូវជាតិលេខ១៣ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៨និង៤៩ ក្នុងទិសដៅពីជើងទៅត្បូងដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុក
គោយន្តកន្ត្រៃមួយគ្រឿង ម៉ាកTOTO
ដឹកក្ដារបន្ទះចំនួន៥៥សន្លឹក ពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ហើយធ្វើការវាស់វែង និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះថា បណ្តាលមកពីអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

...

យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print