ភ្នំពេញ៖ តារាចម្រៀងរូបនេះបញ្ជាក់ថា “មុននេះនាងទទួលបានលទ្ធផលហើយគឺនាងមានវិជ្ជមានកូវីដ១៩ ដូនេះនាងសំណូមពរឲ្យអ្នកដែលបានប៉ះពាល់នាងផ្ទាល់មេត្តាធ្វើតេស្តរកមេរោគកូវីដ១៩ទាំងអស់គ្នា ហើយនាងថ្លែងអធ្យាស្រ័យចំពោះបងប្អូនទាំងអស់ផងដែរ។
បង្កើតការភ្ញាក់ផ្អើលជាថ្មីសម្រាប់មហាជនក្រោយពីតារាចម្រៀងស្រីល្បីឈ្មោះ កូនស្រីបង្កើតរបស់លោក ហួ ឡាវី គឺកញ្ញា វីឌី ណែត បានក្លាយជាតារាចម្រៀងស្រីបន្ទាប់ដែលបានឆ្លងជំងឺកូវីដ១៩។ ការបញ្ជាក់ត្រូវបានធ្វើឡើងកាលពីព្រឹកវិញនេះនៅលើគណនីយហ្វេសប៊ុកផ្លូវការផ្ទាល់របស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ។ នាងគឺជាតារាបន្ទាប់ដែលបានចេញមុខបញ្ជាក់ថា ខ្លួនមានវិជ្ជមានកូវីដ១៩ បន្ទាប់ពីពិធីការិនីអ្នកនាង ចាន់ កែវនិមល និងលោក ណុបបាយ៉ារិទ្ធិដែលត្រូវបានប្រកាសកាលពីម្សិលមិញនេះ។
សារជូនពរជាច្រើនត្រូវបានផ្ញើជូន ខណៈដែលសិល្បករប្រុសស្រីល្បីឈ្មោះនៅក្នុងផលិតកម្ម និងទូរទស្សន៍ហស្សមាសបានធ្វើតេស្តរកមេរោគផ្លូវដង្ហើមមួយនេះកាលពីរសៀលម្សិលមិញ ហើយអ្នកខ្លះក៏ទទួលបានលទ្ធផលរួចរាល់ហើយប៉ុន្តែមិនទាន់បានធ្វើការប្រកាសនៅឡើយ។ តាមដែលដំណឹងក្រៅផ្លូវការបានបញ្ជាក់ថា នៅមានតារាចម្រៀង មួយចំនួនទៀតក៏ត្រូវបានរកឃើញវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះផងដែរ ខណៈដែលតារាខ្លះនៅមិនទានបានប្រកាសដោយបើកចំហរតែប៉ុណ្ណោះ។ អ្វីដែលជាការព្រួយបារម្ភគឺនៅមានសិល្បករ សិល្បការិនី ក្រៅផលិតកម្មជាច្រើនទៀតដែលបានភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ និងប្រយោលជាមួយនឹងសិល្បករទូរទស្សន៍ហង្សមាស ដែលមានរួមទាំងការថតបទចម្រៀងរួមគ្នាជាមួយសិល្បករក្នុងផលិតកម្មនេះជាដើម។ នេះបង្កើតឲ្យមានការព្រួយបារម្ភខ្លាំងសម្រាប់សិល្បករ និងទស្សនិកជន និងស្នើឲ្យសិល្បករដែលមានវិជ្ជមានកូវីដ១៩ បង្ហាញភាពស្មោះត្រង់បញ្ជាក់ឲ្យអ្នកគាំទ្រ និងមហាជនបានដឹង ដើម្បីឲ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលរួសរាល់ក្នុងការធ្វើតេស្តរកមេរោគកូវីដ១៩ និងបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ចំពោះការរីករាលដាលកាន់តែខ្លាំងឡើងនោះ។
គួរបញ្ជាក់ដែរថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៦៤នាក់ថែមទៀត ខណៈអ្នកជំងឺ១១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្រសួងបានឲ្យដឹងថា ក្នុងចំណោមអ្នកជំងឺទាំង៦៤នាក់ មានជនជាតិខ្មែរ ៣៩នាក់, ជនជាតិចិនចំនួន២៣នាក់ និងជនជាតិវៀតណាម២នាក់ ដែលអ្នកជំងឺទាំងនោះត្រូវបានរកឃើញនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តសៀមរាប និងខេត្តព្រៃវែង។
ចំណែកអ្នកជាសះស្បើយទាំង១១នាក់វិញ គឺជាជនជាតិចិន វៀតណាម និងខ្មែរ ដែលឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។គិតត្រឹម ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១២៤នាក់ ក្នុងនោះជាសះស្បើយចំនួន ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៧៤នាក់៕
ដោយ៖ វឌ្ឍនា