ប្រជាពលរដ្ឋមន្ត្រីរាជការសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩យ៉ាងច្រើន នៅតាមមន្ទីរពេទ្យរដ្ឋនិងមន្ទីរពេទ្យបង្អែកនៅក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅតាមមន្ទីរពេទ្យរដ្ឋ និងនៅតាមមន្ទីរពេទ្យបង្អែកនៅទូទាំងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០២១ គេបានឃើញប្រជាពលរដ្ឋនិងមន្ត្រីរាជការបាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន និងចាក់វ៉ាក់សាំងកូវីដ-១៩ Astra Zeneka របស់ឥណ្ឌាយ៉ាងច្រើនកុះករទៅតាមការរៀបចំសណ្តាប់ធ្នាប់ពីអាជ្ញាធរ ក្រោយពីបាន ផ្អាកកាលពីថ្ងៃទី០៧ មីនាមក។

     ការចាក់វ៉ាក់សាំងកូវីដ-១៩ លើកនេះត្រូវចាក់ទាំងមនុស្សក្រោមអាយុ៥៩ឆ្នាំនិង៦០ឆ្នាំឡើងទៅ ក្រោយពីសំរាករយៈពេល៣ថ្ងៃដោយសារតែមនុស្សសម្រុកទៅចាក់ច្រើនមិនមានគម្លាតសុវត្ថិភាព។ តែសម្រាប់ការចាក់លើកនេះ គឺត្រូវរៀបចំសណ្តាប់ធ្នាប់ពីអាជ្ញាធរមូលដ្ឋាន។

    លោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យទី០៩ ខែមីនា  ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរខណ្ឌទាំង ១៤និងតំណាងក្រសួងសុខាភិបាលនៅសាលារាជធានីភ្នំពេញ ដោយបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅឱ្យបានច្បាស់លាស់ ដើម្បីបញ្ជូនឈ្មោះពួកគាត់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ។

    ជាក់ស្ដែងថ្ងៃនេះ លោកស្រី គឹម ញឹប អភិបាលខណ្ឌ ដង្កោនៅព្រឹកថ្ងៃទី១០ មីនានេះ បានចុះទៅមន្ទីរពេទ្យបង្អែកដង្កោ ដើម្បីណែនាំ ដល់ក្រុមគ្រូពេទ្យដែលកំពុងចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ និង មន្ត្រីរាជការ ដែលមានវ័យចាប់ពី៦០ឆ្នាំឡើង និង អាយុឆ្នាំ៥០ចុះក្រោម។ចំណែកនៅខណ្ឌមួយចំនួនមានមេភូមិបានជូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យរដ្ឋនិងមន្ទីរពេទ្យបង្អែកនានាផងដែរ។

     ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ត្រូវចុះឈ្មោះនៅសាលាសង្កាត់ ឬសាលាខណ្ឌដើម្បីឲ្យអាជ្ញាធរខណ្ឌរៀបចំឈ្មោះបងប្អូនបញ្ជូនទៅចាក់វ៉ាក់សាំង ដោយកំណត់ថ្ងៃនិងពេលវេលាច្បាស់លាស់ ចៀសវាងការទៅចាក់វ៉ាក់សាំង មិនមានគម្លាតសុវត្ថិភាព ហើយចំពោះអាជ្ញាធរសង្កាត់ដែលបញ្ចូនឈ្មោះប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង អាជ្ញាធរ សង្កាត់ខណ្ឌត្រូវចុះផ្ទាល់ដល់ទីតាំងដែលទទួលការចាក់វ៉ាក់សាំងនោះ ។ជាងនេះ ទៅទៀត អាជ្ញាធរសង្កាត់នេះឯងក៏ជាអ្នករៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ និងការរៀបចំគម្លាតសុវត្ថិភាពផងដែរ ដើម្បីជួយសម្រួលការងារខាងមន្ទីរពេទ្យ។ តែមកដល់ថ្ងៃទី១០មីនា នេះ បើទោះបីមានអាជ្ញាធរភូមិ សង្កាត់ជួយរៀបចំ គម្លាតសុវត្ថិភាពក៏ដោយក៏ដោយ ក៏ពួកគាត់នៅតែសម្រុកចូលចាក់ បណ្តាលឱ្យមិនមានគម្លាត់សុវត្ថិភាពដដែល។

     សូមបញ្ជាក់ថា៖ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបាន ចេញកាលពីថ្ងៃទី៧ មីនានោះដែរ គឺក្រសួងបានបែងចែកមន្ទីរពេទ្យយ៉ាងច្បាស់លាស់ដើម្បីទទួលការចាក់វ៉ាក់សាំង ដោយអនុវត្តចាប់ពីថ្ងៃទី១០ មីនានេះ តទៅ ក្នុងនោះមន្ទីរពេទ្យកាល់ម៉ែត គឺជាទីកន្លែងដែលអនុញ្ញាតឱ្យចាក់សម្រាប់ឥស្សរជនជាន់ខ្ពស់ដែលមានតួនាទីចាប់ពីថ្នាក់រដ្ឋលេខាធិការឡើងទៅ និងមន្ត្រីការទូត មន្ត្រីអង្គការសហប្រជាជាតិ តំណាងហិរញ្ញវត្ថុអន្តរជាតិ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ។  ចំពោះថ្នាក់ជាតិត្រូវទៅចាក់នៅ ១. មន្ទីរពេទ្យកាល់ម៉ែត ២. មន្ទីរពេទ្យព្រះអង្គឌួង ៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៤. មន្ទីរពេទ្យកុមារជាតិ ៥. មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

     នៅរាជធានីភ្នំពេញត្រូវទៅចាក់នៅ ១. មន្ទីរពេទ្យរាជធានីភ្នំពេញ ២. មន្ទីរពេទ្យបង្អែកព្រែកព្នៅ ៣. មន្ទីរពេទ្យបង្អែកច្បារអំពៅ ៤, មន្ទីរពេទ្យបង្អែកដង្គោ ៥. មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ៦. មន្ទីរពេទ្យបង្អែកចតុមុខ ៧. មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ៨. មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។

     នៅខេត្តកណ្តាល ១. មន្ទីរពេទ្យជ័យជំនះ ២. មន្ទីរពេទ្យបង្អែកខ្សាច់កណ្តាល ៣. មន្ទីរពេទ្យបង្អែកស្អាង ៤. មន្ទីរពេទ្យបង្អែកពញាឮ ៥. មន្ទីរពេទ្យបង្អែកលើកដែក ៦.មន្ទីរពេទ្យបង្អែកកោះធំ ៧. មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី រការកោង ៨. មន្ទីរពេទ្យបង្អែកអង្គស្នួល ៩. មន្ទីរពេទ្យបង្អែកកៀនស្វាយ ១០. មន្ទីរពេទ្យបង្អែកល្វាឯម ១១. មន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង ។ ចំពោះខេត្តព្រះសីហនុ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

          

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print