រឿងនិទានខ្មែរ ៖ រឿងលា និង​ឆ្កែ

ចែករំលែក៖

ការចេះ​ជួយគ្នា​ទៅវិញ​ទៅមក នេះ​ហើយ​ជា​ច្បាប់​លោក​នៅ​លើផែន​ដី។ តើ​សង្គម​មនុស្ស​អាច​ដូចជា​សង្គម​​​សត្វ​ទេ? ចង់​ដឹង​អាន​រឿង​ខាង​ក្រោម​ទាំង​អស់​គ្នា…

ថ្ងៃ​មួយ​មាន​បុរស​ម្នាក់​បណ្តើរ​លា​និង​ឆ្កែ​ទៅ​ក្នុង​ព្រៃ។ ដល់​ទី​ដំណាក់ ម្ចាស់​វាឈប់​សម្រាក​ក្រោម​ឈើ​មួយ​ដើម ហើយ​ដេក​លក់​ទៅ។ លា​គិត​តែ​ស៊ី​ស្មៅ​ខ្ចី​លាស់​ល្អ​នៅ​ទី​វាល​មួយ។ គ្រា​នោះ ឆ្កែ​ឃ្លាន​បាយ​ពេក​ទើប​អង្វរ​លា​ថា៖ «អាណិត​គ្នា​ទៅ​អា​សម្លាញ់! ចូរ​ឯង​បន្ទាប​ខ្លួន​មក អញ​នឹង​យក​បាយ​ក្នុង​កញ្ជើ​បន្តិច​ស៊ី ដ្បិត​អញ​ឃ្លាន​ណាស់។»

លា​នៅ​ស្ងៀម​គ្មាន​ឆ្លើយ​មួយ​ម៉ាត់​សោះ ខ្លាច​ខាត​ពេល​ស៊ី​ស្មៅ ឆ្កែ​អង្វរ​យូរ​ណាស់ ទើប​លា​ឆ្លើយថា៖ «អាសម្លាញ់! អញ​ប្រាប់​ឯង​ឱ្យ​ដឹង​ ចាំ​ម្ចាស់​ក្រោក​ឡើង​ពី​សម្រាន្ត​សិន។ ចំណែក​អា​ឯង​គង់​តែ​បានស៊ីទេ កុំ​ភ័យ​ឡើយ»។

ក្នុង​ឱកាស​​នោះ ទទួល​មាន​ចចក​ចេញ​ពី​ព្រៃ​មក​ដេញ​ខាំ​លា​ភ្លាម លា​ស្រែក​ហៅ​ឱ្យ​ឆ្កែ​ជួយ។ ឆ្កែ​មិន​កំរើក​សោះ វា​ឈរ​​មើល​ធ្វើ​ព្រងើយ​ ហើយ​ស្រែក​ប្រាប់​ទៅ​លា​ថា៖ «អា​សម្លាញ់! អញ​ប្រាប់​អា​ឯង​ខំ​រត់​ឱ្យ​លឿន​សិន​ទៅ ចាំ​ម្ចាស់​យើង​ក្រោក​ឡើង លោក​មិន​ចេះ​បង្អែ​បង្អង់​ទេ។ អ៊ីចឹង​ខំ​ផាយ​រត់​ឱ្យ​លឿនទៅ បើ​ចចក​តាម​ទាន់​ធាក់​បំបែក​មាត់​វា​មួយ​ជើង​ទៅ ព្រោះ​គេ​ទើប​នឹង​ដាក់​ដែក​ឱ្យ​ថ្មីៗ​ បើ​អាសម្លាញ់​ជឿ​តាម​អញ ចូរ​ឯង​ធាក់​វា​ឱ្យ​ដួល​លមើល»។

ឆ្កែ​កំពុង​តែ​និយាយ ចចក​ហែក​លា​ស៊ី​បាត់​ទៅ​ហើយ…។ សុភាសិត​ខ្មែរ «ការសង​សឹក គឺជា​កម្លៅ»៕

ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print