ក្រសួងការពារជាតិនឹងបើកការដ្ឋានបោសសំអាតគ្រាប់ក្រោមទឹក ការដ្ឋានទី២ ក្នុងខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែមីនា ២០២១

ចែករំលែក៖

ខេត្តកំពង់ចាម៖ គម្រោងខាងលើនេះធ្វើឡើងគ្រាដែលការដ្ឋានបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំង លិចក្នុងទន្លេទី១ក្នុងខេត្តកំពង់ចាមអាចនឹងបញ្ចប់នៅខែឧសភាខាងមុខនេះ ។

នាព្រឹកថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម និងសហការី បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា សុគន្ធា បានជម្រាបជូនថ្នាក់ដឹកនាំ និងក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំង លិចក្នុងទន្លេ នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុកប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជាពិសេសការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចផ្ទាល់ ក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនក្រុមការងារប្រតិបត្តិការជាក់ស្ដែង ដោយក្នុងម្នាក់ទទួលបានថវិកា ១លានរៀលជារៀងរាល់ខែ ចាប់ពីខែមីនានេះ រហូតដល់បញ្ចប់កិច្ចប្រតិបត្តិការ។

នាយឧត្តមសេនីយ៍ ជា សុគន្ធា ព្រមទាំងសហការី ក៏បានអញ្ជើញទស្សនាគ្រាប់យុទ្ធភណ្ឌ សម្ភារៈសឹក និងបំណែកឆ្អឹងសាកសព ដែលក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិចក្នុងទន្លេ បានស្រង់ឡើងមកលើគោកជាបន្តបន្ទាប់។

ក្នុងនោះបើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបចំនួន ១៥,២៨២គីឡូក្រាម ព្រមទាំងបំណែកឆ្អឹងសពមនុស្ស និងសម្ភារៈសឹកមួយចំនួនទៀត ។

នាយឧត្តមសេនីយ៍ នាយករងខុទ្ទកាល័យ បានបញ្ជាក់ថា នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិ នឹងដឹកនាំក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ បើកការដ្ឋានប្រតិបត្តិការបោសសំអាតគ្រាប់ក្រោមទឹក ការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ។

សូមរម្លឹកថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេខាងលើនេះ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ។ ក្រុមការងារនេះមាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ជាប្រធាន អមដោយអនុប្រធាន២រូប គឺអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ ។

តាមគម្រោងប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីនាវាច្បាំងដែលលិចក្នុងទន្លេ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គ្រោងនឹងបញ្ចប់នៅអំឡុងខែឧសភា ឆ្នាំ២០២១នេះ ។

សូមបញ្ជាក់ថា ជុំវិញកិច្ចប្រតិបត្តិការបោះសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះលិចក្នុងនាវាចម្បាំងដែលលិចទឹកក្នុងទន្លេ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានសម្រេចបន្ថែមសមាសភាពពាក់ព័ន្ធមួយចំនួនទៀតមានសមាសភាពមកពីរដ្ឋបាលខេត្តកណ្ដាល និងខេត្តព្រៃវែង ។

តាមការស្រាវជ្រាវ ក្រុមការងារអន្តរក្រសួងគ្រោងនឹងបន្តប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលលិចក្នុងនាវាចម្បាំងមួយចំនួនទៀតនៅស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, ស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង ៕

               

...

ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print