អបអរសាទរ លីវ ជីលី ស្ថិតនៅចំណាត់ថ្នាក់កំពូលគេក្នុងកម្មវិធីប្រកួតបោះឆ្នោតតាមបណ្តាញសង្គមក្រោមទឹកចិត្តដ៏មោះមុតរបស់អ្នកគាំទ្រពីកម្ពុជា និងមហាជនដ៏ច្រើនលើសលប់

ចែករំលែក៖

ភ្នំពេញ៖ បេក្ខភាព Miss Grand Cambodia លីវ ជីលី ទទួលបានជ័យជម្នះលើកញ្ញាឯកមកពីប្រទេសហ្វុីលីពីនក្នុងការប្រកួតបោះឆ្នោតតាមបណ្តាញសង្គមអនឡាញ ហើយនាងបានឈរនៅលើកំពូលគេនៃការប្រកួតមួយមានឈ្មោះថា “Queen With the Golden Grown” ដែលតម្រូវឲ្យធ្វើការកាត់តរូបភាពរបស់បេក្ខនារីទាំងអស់ជាមួយការគ្រងមកុដមាសរបស់ Miss Grand International ២០២០-២០២១។
នាងបានក្លាយជាបេក្ខជនម្នាក់ ក្នុងចំណោម៥នាក់ចុងក្រោយដែលនឹងត្រូវធ្វើការបោះឆ្នោតបន្តស្វែងរកបេក្ខនារីម្នាក់ចុងក្រោយ បើទោះបីជាការប្រកាសលទ្ធផលនៃការប្រកួតជុំទី២នេះមានការលើកពេលវេលា និងបន្ថែមម៉ោងក្នុងការបោះឆ្នោតក៏ដោយ។ បេក្ខនារីដែលមកពីប្រទេស៤ផ្សេងទៀតដែលនឹងដាក់ឲ្យធ្វើការបោះឆ្នោតចុងក្រោយនោះមានបេក្ខនារីមកពីប្រទេសកូឡំប៊ី ប្រេស៊ីល ឥណ្ឌូនេស៊ី និងអេក្វាឌ័រ។ អ្នកឈ្នះពីការប្រកួតម្នាក់ក្នុងចំណោម៥នាក់នឹងត្រូវទទួលបានពានរង្វាន់កិត្តិយស រួមទាំងការចូលបង្ហាញសមត្ថភាពកំពូល២០នាក់ចុងក្រោយនៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ។ ការដាក់ឲ្យប្រកួតជ្រើសរើសចុងក្រោយនឹងធ្វើឡើងនៅថ្ងៃស្អែកទី១៧ ខែមីនា ឆ្នាំ២០២១នេះ ខណៈដែលលក្ខខណ្ឌនៃការប្រកួតនឹងត្រូវបញ្ជាក់នៅលើគេហទំព័រMiss Grand Internationalផងដែរ ។
មានការសរសើរ ការសាទរ និងថ្លែងអំណរគុណសម្រាប់ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសក្រុមអ្នកគាំទ្រកម្មវិធីប្រកួតកញ្ញាឯកនៅកម្ពុជាដែលបានចំណាយពេលវេលា និងការខ្នះខ្នែងការចែករំលែក និងការបោះឆ្នោតរហូតកញ្ញា លីវ ជីលីទទួលបានជោគជ័យខ្លាំងនាពេលនេះ និងសំណូមពរឲ្យមហាជនទាំងអស់ចូលរួមការបោះឆ្នោតបន្តដែលនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ដែរថា ពេលនេះនាងបានធ្វើដំណើរទៅដល់ព្រះរាជាណាចក្រថៃ ហើយគេក៏បានឃើញកញ្ញាឯកពីកម្ពុជារូបនេះបានបញ្ចេញវីដេអូណែនាំខ្លួនទៅកាន់អ្នកផលិតកម្មវិធី ការបង្ហាញរូបសម្រស់របស់នាងកាន់តែស្រស់ស្អាតប្លែកគួរឲ្យទាក់ទាញ ហើយសមត្ថភាពនៃការដើរបង្ហាញម៉ូដ ការគូរគំនូរជាដើម។ ក្រោយពីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ម្សិលមិញនេះ កញ្ញាឯកទាំងអស់បានបង្ហាញមុខក្នុងកម្មវិធីថតរូប។ ខណៈដែលថ្ងៃទី១៦ ខែមីនា នេះគឺជាកម្មវិធីនៃការប្រឡងចម្អិនអាហារបែបថៃនៅរាជធានីបាងកកតែម្តង ខណៈដែលកម្មវិធីប្រកួតឈុតហែលទឹកនឹងចាប់ផ្តើមនៅថ្ងៃស្អែកថ្ងៃទី១៧ ខែមីនានេះបន្តបន្ទាប់ដោយវគ្គកិច្ចសម្ភាសន៍ ប្រកួតឈុតតំណាងជាតិ ការសមឆាក និងបញ្ចប់កម្មវិធីដោយការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០២១៕


ដោយ ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print