Man City និង Real Madrid កក់កៅអីទៅកាន់វគ្គ៨ក្រុមពានរង្វាន់ Champions League

ចែករំលែក៖

ក្រុមខ្លាំងៗ២មកពីអង់គ្លេស និងអេស្ប៉ាញបានកក់កៅអីរបស់ខ្លួនទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ Champions League រដូវកាល២០២០២០២១ ក្រោយពីយកឈ្នះគូប្រកួតរៀងខ្លួនក្នុងការប្រកួតជើងទី២នេះ។ ក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមមកពីអាល្លឺម៉ង់ Moncheng ក្នុងលទ្ធផល ២ទល់០ (សរុបទាំង២ជើង ៤ទល់០) ខណៈដែលក្រុមស្តេចស Real Madrid បានយកឈ្នះក្រុមមកពីអុីតាលី Atalanta ក្នុងលទ្ធផល៣ទល់១ (សរុបទាំង២ជើង ៤ទល់១)។

យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃពុធ ទី១៧ មីនានេះ ក្រុមកំពូលតារាងមកពីអង់គ្លេស Man City បានបំបាក់ក្រុមខ្លាំងមកពីអាល្លឺម៉ង់ Moncheng ២ទល់០ ក្នុងជើងទី២ ដែល១គ្រាប់ដំបូងគឺជាការស៊ុតបញ្ចូលទីដោយខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Kevin de Bruyne នៅនាទីទី១២ ដោយការស៊ុតបាល់ពីចម្ងាយយ៉ាងល្អ។ ៦នាទីក្រោយមក កីឡាករ Ilkay Gundogan រកបាន១គ្រាប់ទៀតនៅនាទីទី១៨ ដែលធ្វើឲ្យក្រុម Man City មានសង្ឃឹមគ្រប់គ្រាន់ដើម្បីឡើងទៅកាន់វគ្គបន្ត។

ការប្រកួតរវាងក្រុម Man City និងក្រុម Moncheng កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនានេះ ត្រូវបានគេមើលឃើញថា ក្រុម Man City បានឈ្នះ២៤ប្រកួតក្នុងចំណោម២៥ប្រកួតរាល់ការប្រកួតទាំងអស់(ចាញ់ម្តងគត់)។ ការឈ្នះ២៤ដងរបស់ក្រុម Man City គឺយ៉ាងហោចណាស់ឈ្នះ៧ដង ច្រើនជាងក្រុមដទៃទៀតដែលបានលេងក្នុងលីគកំពូលអឺរ៉ុបទាំង៥បច្ចុប្បន្ន។

ចំណែកក្រុមស្តេចស Real Madrid បានបំបាក់ក្រុម Atalanta៣ទល់១ក្នុងជើងទី២ ដែលក្រុមខ្លាំងមកពីអេស្ប៉ាញមួយនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ ៣គ្រាប់របស់ក្រុម Real Madrid គឺគ្រាប់ទី១ ក្នុងតង់ទី១រកបានដោយខ្សែប្រយុទ្ធ Karim Benzema នៅនាទីទី៣៨, គ្រាប់ទី២រកបានដោយខ្សែការពារប្រធានក្រុម Sergio Ramos នៅនាទីទី៦០ ដោយការស៊ុតបាល់ពិន័យប៉េណាល់ទី និងគ្រាប់ទី៣រកបានដោយកីឡាករ Marco Asensio នៅនាទីទី៨៤ ជិតចប់ការប្រកួត។ ចំណែក១គ្រាប់របស់ក្រុមភ្ញៀវ Atalanta ១គ្រាប់រកបានដោយកីឡាករ Luis Muriel នៅនាទីទី៨៣ ដោយការស៊ុតបាល់ free-kick យ៉ាងល្អ។

លទ្ធផលនេះធ្វើឲ្យក្រុមអធិរាជស Real Madrid បានឈានទៅវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ Champions League លើកទី៣៦ យ៉ាងហោចណាស់៦ដងច្រើនជាងក្រុមណាៗទាំងអស់ ។ ចំណែកលោក Zinedine Zidane បានដឹកនាំក្រុមនេះឈ្នះការប្រកួតចំនួន៣០លើកនៅក្នុងក្របខ័ណ្ឌ Champions League ដោយទទួលបន្ទុក៤៩ប្រកួតគឺមានតែលោក Josef Heynckes ទទួលបន្ទុក៤២ប្រកួត និងលោក Pep Guardiola ៤៨ប្រកួតប៉ុណ្ណោះដែលបានឈ្នះការប្រកួតលើកទី៣០របស់ពួកគេក្នុងចំនួនប្រកួតតិចជាងនេះ 

គួរបញ្ជាក់ថា ការប្រកួតវគ្គជម្រុះ១៦ក្រុមចុងក្រោយសម្រាប់ជើងទី២គឺនៅសល់តែ២គូទៀតប៉ុណ្ណោះដើម្បីរក២ក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដែល២គូនេះនឹងប្រកួតនៅវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនានេះ។ ៤ក្រុម (២គូ) ដែលត្រូវប្រកួតគ្នាក្នុងជើងទី២នេះគឺក្រុមខ្លាំងមកពីអាល្លឺម៉ង់ Bayern Munich ប៉ះជាមួយក្រុមខ្លាំងមកពីអុីតាលី Lazio ខណៈក្រុមខ្លាំងមកអង់គ្លេស Chelsea ប៉ះក្រុមខ្លាំងមកពីអេស្ប៉ាញ Atletico Madrid ដោយ៖ ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print