តាមគេហទំព័រ Bloomberg បានផ្សាយថា នាយករដ្ឋមន្ត្រីហុល្លង់ លោក Mark Rutte ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៧ ខែមីនា ។ ជ័យជម្នះនេះជួយឲ្យលោកក្លាយជានាយករដ្ឋមន្ត្រី ៤អាណត្តិជាប់គ្នា។
គណបក្ស VVD របស់នាយករដ្ឋមន្ត្រី Mark Rutte ទទួលបាន ៣៦កៅអីក្នុងចំណោម១៥០ នៅរដ្ឋសភាហុល្លង់ គឺកើនជាងកាលពីឆ្នាំ២០១៧ ចំនួន៣កៅអី ។ ចំណែកគណបក្ស D66ដែលមានគោលនយោបាយគាំទ្រសហគមន៍អឺរ៉ុបទទួលបាន២៤កៅអីក្នុងសភា នេះជាលទ្ធផលដែលប្រកាសដោយ សារព័ត៌មានហុល្លង់ ANP នាថ្ងៃទី១៨ខែមីនា ក្រោយការរាប់សន្លឹកឆ្នោតបានជាង៦៣ភាគរយ ។
ជាមួយនិឹងលទ្ធផលខាងលើនាយករដ្ឋមន្ត្រី Mark Rutte អាយុ៥៤ឆ្នាំ បានបំបែកកំណត់ត្រា ក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងយូរបំផុតនៅក្នុងប្រទេសហុល្លង់។ លោកបញ្ជាក់ថា «ម្ចាស់ឆ្នោតហុល្លង់នៅតែបន្តគាំទ្រគណបក្សរបស់យើង»។ លោកបន្តទៀតថា យើងមានសមត្ថភាពដើម្បីធ្វើការជូនជាតិបន្ថែម១០ឆ្នាំទៀត។
លោក Mark Rutte បានសារភាពថា «មិនមែនរឿងរ៉ាវទាំងអស់ដំណើរការដោយរលូននោះឡើយ»។ ទន្ទឹមនឹងនោះលោកបានបញ្ជាក់ថា អ្វីដែលត្រូវធ្វើនាពេលនេះគឺ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិឡើងវិញ ក្រោយឆ្លងផុតវិបត្តិបង្កឡើងដោយកូវីដ-១៩ ។
ការស្តារសេដ្ឋកិច្ចហុល្លង់ ក្រោយកូវីដ-១៩ គឺជាឧបសគ្គយ៉ាងធំធេងចំពោះរដ្ឋាភិបាលរបស់លោក។ កម្រិតនៃការផលិតនៅក្នុងប្រទេសហុល្លង់បានថយចុះដល់ទៅ ៤,១ភាគរយនៅឆ្នាំ២០២០ ហើយការព្យាករនៅក្នុងឆ្នាំ២០២១នេះ មានកំណើនតែ១,៨%ប៉ុណ្ណោះ ជាកម្រិតទាប់បំផុត ក្នុងចំណោមប្រទេសក្នុងសហគមន៍អឺរ៉ុប។
ការបោះឆ្នោតនៅហុល្លង់ឆ្នាំ២០២១នេះ មានគណបក្សចូលរួមចំនួន៣៧ ហើយគណបក្សណាទទួលបានសំឡេងគាំទ្រ៧៦ ក្នុងចំណោម១៥០កៅអីក្នុងសភា និងក្លាយជាគណបក្សដឹកនាំប្រទេស៕ ដោយ សាធី