ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនបន្ទាប់ពីលួចគាស់ផ្ទះគេយកទូរទស្សន៍បានមួយគ្រឿងយកទៅលក់លេងល្បែងអស់។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១ វេលាម៉ោង២៤និង៣០នាទីយប់ ដែលករណីលួចនេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៣៨នាទី នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថាជនរងគ្រោះឈ្មោះ វាសនា សុផា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ
នៅផ្ទះ មានទីលំនៅក្នុងភូមិ-សង្កាត់កើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ហៀង ហេង ហៅខ្មៅ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិសង្កាត់កើតហេតុ ។
សម្ភារបាត់បង់មានទូរទស្សន៍១គ្រឿងម៉ាកLCD។
ប្រភពដដែលបន្តថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានចេញពីបន្ទប់ជួលរបស់ខ្លួន ដោយបានចាក់សោបន្ទប់ទុកចោល លុះពេលត្រឡប់មកវិញក៏ឃើញបន្ទប់របស់ខ្លួនមានស្នាមគាស់ ហើយទូរទស្សន៍មួយគ្រឿងក្នុងបន្ទប់បាត់ទៀត ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីឱ្យជួយស្រាវជ្រាវរកមុខសញ្ញាយកមកចាត់ការតាមច្បាប់ ។ លុះបាន៥ថ្ងៃក្រោយមក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន រួចយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចទូរទស្សន៍គេប្រាកដមែន ហើយខ្លួនបានយកទៅលក់នៅកន្លែងទិញអេតចាយ បានប្រាក់៥០ដុល្លារ ហើយយកប្រាក់នោះទៅលេងល្បែងចាញ់អស់តែម្ដង៕
ស្អាងជ័យ