រថយន្តដឹកស៊ីម៉ងត៍ទម្ងន់១៥តោនបើកគេចម៉ូតូដួលនៅខាងមុខបណ្តាលឱ្យក្រឡាប់ផ្ងារជើងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកស៊ីម៉ងត៍ទម្ងន់១៥តោនមួយគ្រឿងបានបើកគេចចេញពីម៉ូតូមួយគ្រឿងដែលបើកជែងហើយដួលនៅខាងមុខ បណ្តាលឱ្យក្រឡាប់ផ្ងារជើងម្ខាងនៅកណ្តាលផ្លូវ តែសំណាង់ល្អមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក់ហ៊ីយ៉ាន់ដាយដឹកស៊ីម៉ងត៍ធុនធំមួយគ្រឿង ពណ៌ស ពាកស្លាកលេខ កំពត3A-0914 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងបើកវ៉ាជែងបណ្តាលឱ្យម៉ូតូនោះរអិលដួលនៅពីមុខ ហើយអ្នកបើករថយន្តដឹកសុីម៉ងត៍ខំបួងចង្កូតគេចទៅស្តាំដៃជ្រុលទៅបុកចូលផ្ទះគេ ក៏បានទាញចង្កូតមកឆ្វេងដៃវិញធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាងនៅកណ្តាលផ្លូវតែម្តង ភ្លាមៗនោះអ្នកបើកបរក៏បានលូនចេញពីក្នុងរថយន្តដោយគ្មានរបួសអ្វីនោះទេ។
តាមអ្នកបើកបរបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានដឹកស៊ីម៉ងត៍ KINGDOM ចំនួន១៥តោន មកពីរោងចក្រនៅខេត្តកំពត យកទៅដាក់នៅការដ្ឋានព្រែកពោធិ៍។ ពេលធ្វើដំណើរតាមផ្លូវមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូបើកវ៉ាជែងហើយដួលនៅខាងមុខរថយន្តគាត់តែម្តង
តែបើគាត់មិនទាញចង្កូតគេចចេញទេច្បាស់ជាកិនអ្នកបើកបរម៉ូតូដួលនោះស្លាប់ជាមិនខាន ដោយសុខចិត្តគ្រោះថ្នាក់ខ្លួនឯង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ រួចឱ្យម្ចាស់រថយន្តយករថយន្តទៅជុសជុលដោយខ្លួនឯង ដោយសារពុំបង្កឱ្យមានមនុស្សរងរបួស ឬ ខូចខាតទ្រព្យសម្បត្តិរដ្ឋនោះទេ៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print