ភ្នំពេញ៖ នារសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលអំណោយពីសប្បុរសជននូវម៉ាស់សរុបចំនួន២០ម៉ឺនម៉ាស់ ក្នុងនោះ កញ្ញា ផាន់ សុនីតា នាយិកាប្រតិបត្តិ ប្រតិបត្តិការ នៃក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ចំនួន១០ម៉ឺនម៉ាស់ និង លោក SHIH HSIU CHEN ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រូ ស៊ីង ហ្គាម៉ែន ១០ម៉ឺនម៉ាស់ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការ ការពារសុខភាពរបស់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរង តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាបានលះបង់ចែករំលែកធនធានផ្ទាល់ខ្លួនឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕
ដោយ៖ ចន្ទ លីហ្សា