នៅតំបន់ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី ប្រឈមនឹងគ្រោះទឹកជំនន់ទ្រង់ទ្រាយធំជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសនេះ។ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ បង្កឲ្យមានការលិចលង់តំបន់ជាច្រើនជាប់ឆ្នេរសមុទ្រនៅរដ្ឋ New South Wales ។
នៅថ្ងៃទី២២ខែមីនា តំបន់ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ធ្វើឲ្យតំបន់នៅជាប់ឆ្នេរសមុទ្រលិចលង់។ នៅតំបន់ភាគពាយព្យនៃទីក្រុងស៊ីដនី រដ្ឋ NSW បានរងគ្រោះដោយទឹកជំនន់ជាទ្រង់ទ្រាយធំមិនធ្លាប់មាន ជាច្រើនទសវត្សរ៍កន្លងមក ។ ឆ្នេរសមុទ្រ Mid North រងផលប៉ះពាល់ខ្លាំងជាងគេ ។ អភិបាលរដ្ឋ New South Wales លោក Gladys Berejiklian ប្រកាសថា នេះជាគ្រោះធម្មជាតិ ១០០ឆ្នាំមានម្តង។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា នៅតំបន់ Hawkesbury-Nepean ក្នុងទីក្រុងស៊ីដនី ដងទន្លេនានា មានកម្រិតទឹកកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៦១មក ។ ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទំនប់ទឹក Warragamba សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ក្នុងទីក្រុងស៊ីដនី បានជន់លិចទំនប់តាំងពីចុងសប្តាហ៍កន្លងមក ។
មន្ត្រីគ្រង់គ្រងគ្រោះមហន្តរាយអូស្ត្រាលីបានឲ្យដឹងថា គ្រោះធម្មជាតិលើកនេះ បណ្តាលឲ្យពលរដ្ឋជាង ១៨៧០០នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ក្នុងនោះមានមនុស្ស ជាង២០០០នាក់ទើបតែជម្លៀសនៅថ្ងៃទី ២២ខែមីនានេះ។
មន្ត្រីរដ្ឋាភិបាល NSW បានប្រកាសថា មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការស្លាប់ ឬរបួស ក្នុងគ្រោះធម្មជាតិនាពេលនេះឡើយ។ ក្រសួងព្យាករណ៍អាកាសធាតុ អូស្ត្រាលីបញ្ជាក់ថា ភ្លៀងនឹងបន្តធ្លាក់រហូតដល់ចុងសប្តាហ៍នេះទើបថយចុះវិញ។
គ្រោះធម្មជាតិទឹកជំនន់ទ្រង់ទ្រាយធំបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង កើតឡើងចំពេលមួយឆ្នាំនៃគ្រោះភ្លើងឆេះព្រៃ យ៉ាងរន្ធត់នៅក្នុងប្រទេសនេះបំផ្លាញរុក្ខជាតិនិងសត្វព្រៃ នៅតំបន់នេះព្រមទាំងគ្រោះរាំងស្ងួតនៅទីក្រុងស៊ីដនី ធ្វើឲ្យមន្ត្រីប្រកាសអាសនពីការខ្វះទឹកប្រើប្រាស់៕ ដោយ សាធី
រូបភាព៖ Baomoi