មន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់លើទីតាំងដីដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់កន្លងមកនៅស្រុកអូររាំង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និងលោក ស៊ន សារុន នាយករដ្ឋបាលខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់លើទីតាំងដីដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់តាមដីកាលេខ ០០៧/១៩ ដក .បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដែលមានទំហំចំនួន ៤៧២,៨០៩ហិកតា របស់រដ្ឋបាលខេត្តមណ្ឌលគិរី។

មន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់លើទីតាំងដីដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់នោះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ស្ថិតក្នុងភូមិពូរ៉ាងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានឲ្យដឹងថា បន្ទាប់ពីមានគោលការណ៍ណែនាំពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីមក ក្រុមការងារចម្រុះត្រូវបានបង្កើតឡើងដើម្បីចុះស្រាវជ្រាវ និងចាត់វិធានការទប់ស្កាត់សកម្មភាពបំពានរំលោភយកដីសម្ការស្រល់របស់ក្រុមហ៊ុន អ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុន ហួលីង។
អភិបាលរងខេត្ត បន្តថា បន្ទាប់ពីក្រុមការងារបានចុះផ្ទៀងផ្ទាត់ និងពិនិត្យជាក់ស្តែងរកឃើញដីធ្លីមួយចំនួនមានការចូលទៅគ្រប់គ្រងដោយខុសច្បាប់ ហើយដីខ្លះទៀត ជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលត្រូវកាត់ជ្វៀល ជូនពួកគាត់ ដើម្បីបញ្ចប់វិវាទដីធ្លីដែលកើតឡើងកន្លងទៅ។

នៅក្នុងកិច្ចសន្យាប្រគល់ដីចំនួន៤៧២ហិកតាដែលរដ្ឋបាលខេត្តបានដកហូតពីការកាន់កាប់ដោយខុសច្បាប់តាមដីកាលេខ០០៧/១៩ ដក .បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង រវាងក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី ជាមួយ និងគណៈកម្មការខេត្តបានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃក្បាលដី ដល់ទីតាំងជាក់ស្តែងតែម្តង តាមខ្លឹមសារនៃដីកាដកហូតលេខ០០៧/១៩ ដោយអញ្ជើញក្រុមហ៊ុនចូលរួម ដែលមានលោក ចាន់ ប៊ុនថុល តំណាងឲ្យក្រុមហ៊ុន អ៊ូជីសាន។

ក្នុងកិច្ចសន្យានេះ តំណាងក្រុមហ៊ុន បានសន្យាចំពោះមុខគណៈកម្មការ និងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនដល់ទីតាំងជាក់ស្តែង និងបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនទទួលយកផ្ទៃដី ដែលបានចែងតាមខ្លឹមសារនៃការដកហូតខាងលើមានទំហំផ្ទៃដីចំនួន៤៧២ហិកតាដើម្បីថែរក្សាការពារនិងគោរពលក្ខខណ្ឌដូចជាក្រុមហ៊ុនត្រូវធ្វើការកាយប្រឡាយក្រវ៉ាត់ព្រំជុំវិញដីលើផ្ទៃដី៤៧២ហិកតាលើកស្លាកប៉ាណូផ្សព្វផ្សាយពីព្រំដីបរិវេណដែលបានដកហូត ដកបង្គោលរបងជាវត្ថុតាងល្មើសទាំងអស់ ដឹកជញ្ជូនយកទៅរក្សាទុកនៅស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើអូររាំង។

ក្រុមហ៊ុនត្រូវទទួលខុសត្រូវ និងម្ចាស់ស្វ័យការពារផ្ទៃដីដែលខ្លួនបានទទួលទាំងអស់៤៧២ហិកតា ជាពិសេស ពេលចុះអនុវត្តដកបង្គោលរបងចាស់ដាំបង្គោលថ្មីនិងកាយព្រំប្រឡាយក្រុមហ៊ុនត្រូវធ្វើលិខិតស្នើសុំសមត្ថកិច្ចសហការជៀសវាងមានបញ្ហានានាផងដែរ៕

...

ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print