ខេត្តមណ្ឌលគិរី៖ ជនសង្ស័យជាមុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀនចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តតាមប្រមាញ់រហូតដល់ចាប់ខ្លួនបានជាមួយថ្នាំញៀននិងវត្ថុតាងមួយចំនួនទៀត។
ប្រតិបត្តិការបង្ក្រាបនោះកម្លាំងស្នងការដា្ឋននគរបាលក្រុងនិងខេត្តសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើឡើងនៅវេលាម៉ោង១៨ៈ១០នាទីថ្ងៃទី២២ ខែមីនាឆ្នាំ២០២១ត្រង់ចំណុចផ្ទះថន សូរិយាស្ថិតក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ការបង្ក្រាបនោះស្ថិតក្រោមកិច្ចសម្របសម្រួលពីលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ហើយត្រូវបានលោកវរសេនីយ៍ឯកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យចុះបង្រ្កាបដោយផ្ទាល់ករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននោះ។
លោកអធិការបានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់គឺទី១.ឈ្មោះ ថន សូរិយា ហៅយ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី, ទី២.ឈ្មោះ ថន សុភក្ត្រា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នានឹងជនទី១។ ទី៣.ឈ្មោះ លី សុកូតភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងទី៤.ឈ្មោះ ផេង រតនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពូឆប ឃុំដាក់ដាំស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្នុងពេលចុះបង្ក្រាបនោះកម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេរដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១២កញ្ចប់(៣កញ្ចប់តូច , ៨កញ្ចប់ធំល្មមនិង១កញ្ចប់ធំ)ស្មើនឹង៦៥,៩២ក្រាមថ្លឹងទាំងសំបកថង់, ទូរស័ព្ទ៣គ្រឿង, ដែកកេះ ១១ដើម, កូនជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, កន្ត្រៃ១, នាឡិកាដៃ១, ដាវកែច្នៃ១ដើម, កាំភ្លើងកែច្នៃ១ដើម, កាបូបស្ពាយ១, កាបូបដៃ ២.កែវជក់គ្រឿងញៀន៩និងម៉ូតូចំនួន២គ្រឿង (ម៉ាកWave១គ្រឿង , ម៉ាក AirBlade១គ្រឿង),ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន.ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀតផងដែរ។
ក្រោយពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបង្រ្កាបបានជនសង្ស័យនិងវត្ថុតាងរួចមក សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ ជីវ័ន្ត