ខេត្តកំពង់ឆ្នាំង ៖ រហូតមកដល់ត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមីនា នេះ អ្នកពាក់ព័ន្ធចំនួន១៤៦នាក់ទៀត ត្រូវបានក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បន្តយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ បន្ទាប់ពីបានរកឃើញថាមានពាក់ព័ន្ធនឹងករណីបុរសនិងស្ត្រី២នាក់ប្ដីប្រពន្ធដែលមានវិជ្ជមានកូវីដ-១៩ ហើយបានមកមើលកន្លែងចិញ្ចឹមមាន់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នេះបើតាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងតែបន្តស្វែងរកអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីបន្តយកសំណាកមកធ្វើតេស្តនិងដាក់ពួកគាត់ឲ្យនៅធ្វើចត្តាឡីស័កដាច់ដោយឡែករយៈពេល១៤ថ្ងៃ ។
លោកប្រធានមន្ទីរ ក៏អំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន សូមមេត្តាចូលរួមទាំងអស់គ្នា ធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាសលាងដៃនឹងសាប៊ូ និងត្រូវអនុវត្ត ៣កុំ និង ៣ការពារឲ្យបានគ្រប់គ្រប់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យរាលដាលចូលក្នុងសហគមន៍របស់យើង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ក្រុមការងារនិងកម្លាំងសមត្ថកិច្ច ដែលដឹកនាំដោយលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងបុរសស្រ្តីពីរនាក់ប្ដីប្រពន្ធដែលមកពីរាជធានីភ្នំពេញដែលមានផ្ទុកកូវីដ-១៩ នោះ ហើយបានរកឃើញមានអ្នកពាក់ព័ន្ឋសរុបចំនួន ៦៨ នាក់ ក្នុងនោះ ពាក់ព័ន្ធផ្ទាល់ ១១ នាក់ បានយកសំណាក និង ដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុស។
ចំណែក អ្នកពាក់ព័ន្ធប្រយោល ៥៧ នាក់បានយកសំណាក និងអប់រំណែនាំធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនដោយមានការគ្រប់គ្រងពីអាជ្ញាធរមូលដ្ឋាន។ ដោយឡែកក្រុមការងារកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ឋផ្ទាល់ និង ប្រយោលបន្តទៀត៕
ដោយ÷ ចន្ថា