ភ្នំពេញៈ បន្ទាប់ពីក្រុមការងារជំនាញ បញ្ចប់ការសិក្សាពីបទដ្ឋានបច្ចេកទេសនៃ សំណង់និងស្ថានភាពភូមិសាស្ត្រនៅតាមបណ្តោយច្រាំងទន្លេបាសាក់ត្រើយខាងកើតចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធរួចមក ឥឡូវនេះក្រុមការងារជំនាញរបស់សាលារាជធានីភ្នំពេញនិងខណ្ឌច្បារអំពៅបានចាប់ផ្តើមចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើតអំពីបេតុងហើយ ។
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ក្រុមការងារបច្ចេកទេស លោក ចេង
មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ច្បារអំពៅ បានចេញសេចក្តីជូនដំណឹងដល់អ្នកពាក់ព័ន្ធទីតាំងដីចំណីទន្លេបាសាក់ត្រើយខាងកើតចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា មានខ្លឹមសារថាៈ នាពេលខាងមុខរដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធ ។ ដូចនេះ ដើម្បីឱ្យដំណើរការនៃការអនុវត្តគម្រោងស្ថាបនាផ្លូវនិងច្រាំងទន្លេ បានរលូននិងមានប្រសិទ្ធភាព រដ្ឋបាលខណ្ឌស្នើអ្នកពាក់ព័ន្ធទីតាំងដីចំណីទន្លេទាំងអស់ខាងលើ ត្រូវចូលរួមសហការជាមួយក្រុមការងារចុះបោះបង្គោលព្រំតាមនិយាមការនៃគម្រោងស្ថាបនាផ្លូវនិងច្រាំងទន្លេអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ការងារបោះបង្គោលព្រំនៃគម្រោងត្រូវបានបញ្ចប់ជាស្ថាបពរ ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធដីចំណីទន្លេក្នុងភូមិសាស្ត្រខាងលើ ត្រូវចូលរួមសហការជាមួយក្រុមការងាររបស់រដ្ឋបាលខណ្ឌ ក្នុងការបោះបង្គោលក៏ដូចជាចូលរួម ថែរក្សាការពារបង្គោលព្រំដែលក្រុមការងារបានបោះរួច ។ ករណីបុគ្គលណាមួយបំពានដក ឬ បំផ្លិចបំផ្លាញបង្គោលដែលបោះរួចហើយ រដ្ឋបាលខណ្ឌនិឹងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានលើកលែងឡើយ ។
បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង លោក ហ៊ត គឹមនី អភិបាលរងខណ្ឌបានដឹកនាំក្រុមការងារចុះទៅបោះបង្គោលព្រំតាមនិយាមការនៃគម្រោង ស្ថាបនាផ្លូវនិងច្រាំងទន្លេបាសាក់អំពីបេតុង ព្រមទាំងចែកសេចក្តីជូនដំណឹងដល់អ្នកពាក់ព័ន្ធទីតាំងដីចំណីទន្លេ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្ត ៕
សណ្តោស