ខ្សែប្រយុទ្ធវ័យជ្រេ Zlatan Ibrahimovic បានវិលត្រឡប់មកលេងឲ្យជម្រើសជាតិរបស់ខ្លួនវិញបន្ទាប់ពីអវត្តមានរយៈពេល៥ឆ្នាំដោយបានជ័យឲ្យស៊ុយអែតផ្តួលហ្សកហ្ស៊ីក្នុងការប្រកួតជម្រុះ World Cup ២០២២ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃទី២៦ មីនានេះ។
កីឡាករវ័យ៣៩ឆ្នាំរូបនេះបានបញ្ជូនបាល់យ៉ាងស្អាតឲ្យកីឡាករ Viktor Claesson ស៊ុតបញ្ចូលទីទៅលើក្រុមហ្សកហ្ស៊ី១គ្រាប់ ដែលជាគ្រាប់ជ័យជម្នះរបស់ស៊ុយអែតតែម្តង។ កីឡាករ Ibrahimovic រកបានគ្រាប់បាល់ពេលប្រកួតលក្ខណៈអន្ដរជាតិចំនួន៦២គ្រាប់មិនអាចរកគ្រាប់បាល់បញ្ចូលទីខ្លួនឯងទេមុនពេលគាត់ត្រូវបានប្តូរចេញនៅនាទីទី៨៤ ។
ក្រុមជម្រើសជាតិហ្សកហ្ស៊ីមានឱកាសតិចតួចណាស់បើទោះបីជាកីឡាករ Levan Shengelia មានឱកាសស៊ុតមួយគ្រាប់ ប៉ុន្តែបានជួយសង្គ្រោះដោយអ្នកចាំទី Kristoffer Nordfeldt របស់ក្រុមស៊ុយអែត។
ការវិលត្រឡប់របស់ Ibrahimovic មានន័យថា គាត់បានក្លាយជាកីឡាករចាស់ជាងគេដែលតំណាងឱ្យប្រទេសស៊ុយអែត។ ខ្សែប្រយុទ្ធក្រុម AC Milan រូបនេះបានបំបែកឯតទគ្គកម្មមុនដែលមានកីឡាករអាយុ៣៨ឆ្នាំនិង៥៩ថ្ងៃដែលកាន់កាប់ដោយអ្នកចាំទី Thomas Ravelli ។
កីឡាករ Ibrahimovic បាននិយាយក្រោយពេលចប់ការប្រកួតថា “ខ្ញុំមានអារម្មណ៍ល្អ ដែលមានអារម្មណ៍ខ្ញុំគិតថា នេះជាការប្រកួតអន្តរជាតិលើកដំបូងរបស់ខ្ញុំ ដែលខ្ញុំអាចបង្ហាញខ្លួនម្តងទៀតសម្រាប់ប្រទេសរបស់ខ្ញុំ។ ខ្ញុំគិតថាខ្ញុំអាចធ្វើបានច្រើនបន្ថែមទៀត ប៉ុន្តែយើងបានឈ្នះការប្រកួតហើយនោះគឺជារឿងសំខាន់បំផុត” ៕ ដោយ៖ភារៈ