មកទល់ពេលនះមានមនុស្សជាង ៣០០នាក់បានស្លាប់ជាប់ពាក់ព័ន្ធការធ្វើបាតុកម្មហិង្សាប្រឆាំងរបបដឹកនាំដោយយោធា ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ក្រុមអ្នកប្រឆាំងការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ាបានបន្តធ្វើបាតុកម្មនៅថ្ងៃទី២៦ខែមីនា ក្រោយពេលកម្លាំងទាហានបន្តបាញ់សម្លាប់បាតុករ ៩នាក់ កាលពីមួយថ្ងៃមុន។ នៅពេលនេះធនាគារពិភពលោក បានព្រមានថា សេដ្ឋកិច្ចមីយ៉ាន់ម៉ា នឹងធ្លាក់ចុះ១០% នៅក្នុងឆ្នាំ២០២១នេះ។
កាលពីយប់ថ្ងៃទី២៥ខែមីនា ក្រុមបាតុករបាននាំគ្នាដុតទៀន ធ្វើបាតុកម្មនៅក្នុងតំបន់ Mandalayនិង Sagaing។ ក្រៅពីនេះក៏មានរដ្ឋ Karen និង Chin ក៏មានបាតុកម្មផងដែរ។
មកទល់ពេលនេះមានបាតុករដល់ទៅ ៣២០នាក់ស្លាប់ និងជាង ៣ពាន់នាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីផ្ទុះបាតុកម្មក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។
ក្នុងពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ា បានប្រកាសថា មានអ្នកស្លាប់តែ ១៦៤នាក់ប៉ុណ្ណោះ ក្នុងនោះមានកម្លាំងទាហាន ៩នាក់ស្លាប់ផងដែរ។ តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា មាន៩០% អ្នកស្លាប់ក្នុងអំពើហិង្សាជាបុរស ក្នុងនោះមាន៣៦%មានអាយុចាប់ពី ២៤ឆ្នាំចុះក្រោម។
តាមការលើកឡើងរបស់បណ្តាអង្គការក្រៅរដ្ឋាភិបាលបញ្ជាក់ថា កម្លាំងទាហានបានព្យាយាមគ្រប់គ្រងស្ថានភាពឲ្យបានមុនថ្ងៃកងទ័ព(ទិវាបង្កើតកងទ័ពនៅថ្ងៃទី ២៧ខែមីនា)។ នោះជាថ្ងៃដែល ចាប់ផ្តើមបដិវត្តន៍ប្រឆាំងជប៉ុននៅឆ្នាំ១៩៤៥។ ពិធីដ៏សំខាន់នេះកម្លាំងយោធាតែងតែដង្ហែក្បួនព្យុហយាត្រា នៅរដ្ឋធានី ណៃពិដោ៕ ដោយ សាធី
រូបភាព៖ nld