ទិវាកងទ័ពមីយ៉ាន់ម៉ាស្លាប់១៦នាក់ អគ្គមេបញ្ជាការសន្យារៀបចំការបោះឆ្នោតជាថ្មី

ចែករំលែក៖

អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing បានសន្យានៅក្នុងការថ្លែងសុន្ទរកថារបស់លោកក្នុងទិវាកងទ័ពប្រទេសនេះក្នុងរដ្ឋធានីណៃពិដោ ថា លោកនឹងរៀបចំការបោះឆ្នោតនៅពេលខាងមុខ។
សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តី លោក Min Aung Hlaing ដែលប្រកាសនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា នាថ្ងៃទី២៧ខែមីនាថា «ខ្ញុំសន្យាថានឹងរៀបចំការបោះឆ្នោត ។ កម្លាំងទាហានកំពុងតែរួមគ្នាដើម្បីការពារប្រជាធិបតេយ្យ ។ សកម្មភាពហិង្សាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិនិងស្ថិរភាព ហើយការទាមទាររបស់ក្រុមបាតុករមិនសមហេតុផល»។
សារព័ត៌មានរ៉យទ័របានផ្សាយថា សកម្មភាពប្រើហិង្សាទៅលើក្រុមបាតុករ បណ្តាលឲ្យមានអ្នកស្លាប់១៦នាក់នាថ្ងៃទី២៧ខែមីនា បណ្តាលឲ្យមានអ្នកស្លាប់សរុបកើនឡើងដល់ទៅ ៣២៨នាក់ហើយ។
នៅក្នុងឱកាសនៃការដឹកនាំក្បួនព្យុហយាត្រាខាងលើនេះដែរ លោក មីន អោង ហ្លេង បានប្តេជ្ញាចិត្តសាជាថ្មីចំពោះការរៀបចំបោះឆ្នោតឡើងវិញ និងប្រគល់អំណាចទៅដល់គណបក្សដែលឈ្នះយ៉ាងពិតប្រាកដ ប៉ុន្តែលោកក៏មិនភ្លេចក្នុងការព្រមានជាថ្មីចំពោះចលនាប្រឆាំងទាំងឡាយនោះដែរ។ លោក មីន អោង ហ្លេង បានសង្កត់ធ្ងន់ថា ទង្វើបែបភេរវកម្មដែលបង្កគ្រោះថ្នាក់ដល់ភាពស្ងប់ស្ងាត់ និងសន្តិសុខរបស់ប្រទេសជាតិ គឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត។
អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា បានថ្លែងយ៉ាងដូច្នេះទៀតថា «លទ្ធិប្រជាធិបតេយ្យដែលយើងចង់បាន គឺអាចក្លាយជាភាពគ្មានវិន័យមួយ ប្រសិនបើពួកគេមិនបានផ្តល់ការគោរព ហើយនាំគ្នាប្រឆាំងច្បាប់»។ ទោះជាយ៉ាងណាក៏ដោយ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា នៅតែនិយាយការពារជានិច្ច ចំពោះអ្វីដែលខ្លួនបានធ្វើនាពេលកន្លងមកនេះ។
ទិវាកងទ័ពតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយមានការបង្ហាញ រថពាសដែក, រថក្រោះ, យន្តហោះចម្បាំង និងមីស៊ីលផងដែរ ប៉ុន្តែលើកនេះគឺត្រូវបានធ្វើឡើង ចំពោះមុខការតវ៉ា និងបង្ក្រាបដ៏បង្ហូរឈាម ដែលបានបណ្តាលឲ្យមនុស្សជាង ៣០០នាក់ទៅហើយបាត់បង់ជីវិត គិតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់ លោកស្រី អោង សាន ស៊ូជី ចេញពីអំណាច៕ ដោយ សាធី

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print