លោក Oscar De La Hoya គ្រោងនឹងត្រឡប់មកប្រដាល់វិញនៅខែកក្កដា

ចែករំលែក៖

អតីតជើងឯកពិភពលោក អូស្ការ ដឺឡា ហូយ៉ា (Oscar De La Hoya) បាននិយាយថា គាត់នឹងត្រឡប់មកប្រដាល់វិញនៅខែកក្កដា ពោលគឺ១៣ឆ្នាំបន្ទាប់ពីចូលនិវត្តន៍។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរសៀលថ្ងៃទី២៧ ខែមីនា។

បុរសវ័យ៤៨ឆ្នាំរូបនេះបានកាន់តំណែងជើងឯក១១ក្នុងចំណោមប្រភេទទម្ងន់៦ ក្នុងអាជីព១៦ឆ្នាំរបស់គាត់ ហើយត្រូវបានគេចាត់ទុកថា ជាអ្នកប្រយុទ្ធដ៏អស្ចារ្យម្នាក់សម្រាប់ប្រភេទទម្ងន់។ ការប្រកួតចុងក្រោយរបស់គាត់គឺការបរាជ័យក្រោមថ្វីដៃ Manny Pacquiao ក្នុងឆ្នាំ២០០៨ ។

នៅក្នុងព្រឹត្តិការណ៍ដើម្បីជម្រុញការប្រកួតរបស់ Jake Paul ជាមួយលោក BenAskren លោក De La Hoya បានឡើងលើឆាកដើម្បីប្រកាសថា “នៅថ្ងៃទី៣ ខែកក្កដា ខ្ញុំនឹងត្រឡប់មកប្រយុទ្ធវិញ”។ បន្ទាប់មកគាត់បានទម្លាក់ក្បាលមីក្រូរបស់គាត់ ហើយចាកចេញពីឆាក។

កាលពីដើមសប្តាហ៍នេះ De La Hoya បានប្រាប់សារព័ត៌មាន DAZN ថា គាត់បានចូលហ្វឹកហាត់មួយចំនួនហើយ។ គាត់ក៏បាននិយាយយោងទៅអតីតជើងឯកទម្ងន់ធ្ងន់ពិភពលោក Mike Tyson នៅពេលគាត់ឈានដល់អាយុ៥៤ឆ្នាំ។ លោក Mike Tyson បានចូលរួមក្នុងកម្មវិធីពិព័រណ៍មួយជាមួយលោក Roy Jones Jr អាយុ៥១ឆ្នាំកាលពីខែវិច្ឆិកា។

លោក De La Hoya បាននិយាយថា “Mike Tyson បានបំផុសចិត្តរបស់ខ្ញុំ”។ គេនៅមិនទាន់ដឹងថា អ្នកណាដែល De La Hoya នឹងត្រូវប្រកួតជាមួយនោះទេ ប៉ុន្តែកាលពីមុនគាត់បានស្នើឱ្យមានការប្រកួតជាមួយអ្នកប្រដាល់អាមេរិកដ៏ឆ្នើមម្នាក់ទៀតគឺ Floyd Mayweather ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យ។

ជាមួយគ្នានេះលោក De La Hoya បានរក្សាទំនាក់ទំនងរឹងមាំជាមួយវិស័យប្រដាល់ដោយបានបង្កើតកម្មវិធី Golden Boy Promotionsកាលពីឆ្នាំ២០០២ ៕ ដោយ៖ ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print