ចែកអំណោយអង្ករដល់អ្នកលក់ដូរតិចតួចនៅផ្សារច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ អង្ករចំនួន៤១បាវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានីហ៊ុនសែន ផ្តល់ឱ្យតាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានក្រមការងារសាលារាជធានីភ្នំពេញនាំយកទៅផ្តល់ជូនគណៈកម្មការផ្សារច្បារអំពៅដើម្បីចែកជូនអ្នកលក់ដូរបន្តិចបន្តួចតាម កញ្ច្រែង កញ្ជើរ ល្អី នៅតាមចិញ្ចើមផ្លូវក្នុងច្បារអំពៅ ។
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោកគួច ចំណាន ប្រធានគណៈកម្មការផ្សារនិងក្រុមការងារបាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រានី ហ៊ុនសែន ចែកជូនអ្នកលក់ដូរបន្តិចបន្តួចតាម កញ្ច្រែង កញ្ជើរ ល្អី នៅក្នុងផ្សារ ដោយក្នុងម្នាក់ៗទទួលបានអង្ករ១បាវ ទម្ងន់២៥គីឡូក្រាម និងថវិកាមួយចំនួនជាអំណោយរបស់គណៈកម្មការផ្សារច្បារអំពៅ ។
ក្នុងសកម្មភាពមនុស្សធម៌នេះដែរ ប្រធានគណៈកម្មការផ្សារ លោកគួច ចំណាន បានស្នើឱ្យម្ចាស់តូប ម្ចាស់ផ្ទះ ដែលជួលទីតាំងនៅសល់ឱ្យអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើរ ល្អី ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ សូមឱ្យមានការយោគយល់ដល់បងប្អូនដែលលក់ដូរបន្តិចបន្តួច ត្រូវបញ្ចុះតម្លៃ បើលើកលែងបានកាន់តែពិសេសថែមទៀត ព្រោះកាលៈទេសៈនេះកំពុងប្រឈមខ្លាំងណាស់នៅក្នុងគ្រួសារដែលមានជីវភាពខ្វះខាតនិងសុខភាពប្រជាពលរដ្ឋ ដោយសារជំងឺកូវីដ-១៩ កំពុងតែគំរាមកំហែងជាសកល ។
ជាមួយគ្នានេះលោកប្រធានគណៈកម្មការផ្សារ បានសំណេះសំណាលជាមួយអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើរ ល្អី ថ្វីដ្បិតតែអំណោយទាំងនេះមិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៏ដោយតែបានសម្រាលការលំបាកនៅក្នុងក្រុមគ្រួសារមួយរយៈពេលដែរ ។ ពិសេសសូមអ្នកលក់ដូរក្នុងផ្សារទាំងអស់ត្រូវចូលរួមអនុវត្តជាប្រចាំថ្ងៃនូវវិធានការ ៣ការពារ ៣កុំ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលសហគមន៍ ៕

...

សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print