ស្រុកត្បូងឃ្មុំ ៖ បុរសរងគ្រោះវ័យ៧០ឆ្នាំ ម្នាក់បានស្លាប់ដោយសារភ្លេីងឆេះព្រៃ នៅចំណុចដីចំការមួយកន្លែង ស្ថិតនៅខាងលិច ភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោយពីអ្នក ភូមិនាំគ្នាជួយអន្តរាគមន៍ពន្លត់ភ្លេីង ក៏ប្រទះឃើញសពជនរងគ្រោះ ។
សពជនរងគ្រោះឈ្មោះអ៊ុក ចយ ភេទប្រុស អាយុ៧០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានភ្លើងឆេះរោលខ្លោចខ្លួននៅក្នុងព្រៃស្លាប់យ៉ាងអាណោចអាធម័ នៅចំណុចដីចំការខាងលេី នៅវេលាម៉ោងប្រមាណ០១:២៥នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ ដោយមានការ ចូលរួមសហការពីគ្រូពេទ្យមណ្ឌលសុខភាពជីរោទិ៍ទី២ និងអាជ្ញាធរមូល ដ្ឋានភូមិ ឃុំ បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ និងសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារភ្លើងព្រៃឆេះរាល ខណៈចូលទៅពន្លត់ភ្លើងដែលកំពុងរាលឆេះព្រៃនោះ ដោយមានខ្យល់ខ្លាំងភ្លើងឆាបឆេះរត់គេចពីភ្លើងមិនរួច ។
ក្រោយពីមន្ត្រីជំនាញធ្វើការ ពិនិត្យរួច សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វណ្ណៈ